កំពុង​តែ​ដេក​សុខៗ​ ស្រាប់​តែ​មាន​រថយន្តបើក​ សម្រុក​​ចូល​បុក​ដល់​ក្នុង​ផ្ទះ​ បណ្ដាល​ឲ្យ​ម្ចាស់​ផ្ទះ​២នាក់​ប្តី​ប្រពន្ធ​ រងរបួស​ធ្ងន់​

0

កំពង់ចាម​៖​ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២នាក់​ ​រងរបួស​ធ្ងន់​ធ្ងរ​ ខណៈដែល​ជនរងគ្រោះ​កំពុង​តែ​ដេក​លង់លក់​ក្នុង​ផ្ទះ​ ត្រូវ​​រថយន្ត​១គ្រឿង​បើក​បុក​សម្រុក​​ចូល​ដល់​ក្នុង​ផ្ទះ​ កាល​ពី​វេលាម៉ោង​៤និង​៣០នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​

នៅចំណុចផ្លូវកោង ស្ថិត​ក្នុងភូមិព្រែងរំដែងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​ដោយ​ថរយន្ត១គ្រឿង​ម៉ាក់កាមរី សេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ញ​ 3518 ភ.ព2​ បើកបរដោយ​បុរស​ម្នាក់​ ឈ្មោះ ងន់ សុភក្ត័ អាយុ៣៦ឆ្នាំ រស់នៅ​ភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈដែល​បើកបរ​មកដល់​ត្រង់​ចំណុចផ្លូវកោង​ស្រាប់តែរ៉េចង្កូតជ្រុលទៅបុក​ចូលផ្ទះ​ជនរងគ្រោះ​ បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​ទាំង​២នាក់ប្តីប្រពន្ធ​ រងរបួសធ្ងន់​ ដែលជនរងគ្រោះ​ជា​ប្តីឈ្មោះសេង គីមចន អាយុ៦២ឆ្នាំ ជាអនុភូមិ​ និងប្រពន្ធឈ្មោះស៊ន់ សុខឃឿន អាយុ៤៧ឆ្នាំ រងរបួសបាក់ជើង​ និង​ចង្កេះ។
ក្រោយ​ពី​កើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ​ និង​ស្ទូច​យករថយន្តទៅ​រក្សាទុក​ នៅអធិការដ្នាននគរបាលស្រុកកោះសូទិន​ ដើម្បី​រង់ចាំ​ដោះស្រាយតាមនីតិវិធី​ ៕