ស្លាប់២នាក់និងរងរបួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

0

តាកែវៈ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយដែលកើតឡើងនៅលើបណ្ដោយផ្លូវ

ជាតិលេខ២ចន្លោះបង្គោលគ.មលេខ 70-71 ស្ថិតនៅចំណុចភូមិច្រេស សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៩និង២០នាទី ។
លោក ឥន្ទ មណ្ឌល អធិការ(រង) ក្រុងដូនកែវទទួលបន្ទុកចរាចរណ៍ផ្លូវគោកបានអោយដឹងថា រថយន្ត ម៉ាក នីសាន់ ពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 5A 0007 ប្រភេទរថយន្តដឹកស៊ីម៉ង់ អ្នកបើកបរបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ ចំណែកម៉ូតូម៉ាក ហុងដា C125 សេរី២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1Q 7137 បើកបរដោយឈ្មោះ មាស សៀក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ រីឯម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា C125 សេរី២០១៧ ពាក់ស្លាកលេខ តាកែវ 1M 2633 អ្នកបើកបរឈ្មោះ ភឹម ហ៊ា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ មានអ្នករួមដំណើរ២នាក់រួមមានឈ្មោះ ភឹម ហ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង៣រស់នៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ជាមួយគ្នា ។
អ្នកឃើញហេតុការណ៍បាននិយាយប្រាប់ប៉ូលីសថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងជិះម្នាក់ឯងបើកបរពីទិសខាងជើងទៅត្បូងដោយព្យាយាមវ៉ារថយន្តដឹកដែក១គ្រឿង លុះវ៉ាផុតក៍ប៉ះជាមួយម៉ូតូ១គ្រឿងទៀតដែលជិះគ្នា៣នាក់បណ្ដាលអោយម៉ូតូទាំង២ខ្ទាតចូលទៅរថយន្តនោះតែម្ដង ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកន្លាំងជំនាញប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តាកែវ