គណៈប្រតិភូខេត្ត យូណាន ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

0

សៀមរាប៖ នៅស្នាក់ការអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ មានជំនួបពិភាក្សាការងាររវាង អាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូខេត្ត យូណាន ដើម្បីស្វែងយល់ និងសហប្រតិបត្តិការលើការងារអភិរក្ស និងជួសជុល

ប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ជាកិច្ចចាប់ផ្តើមទៅកាន់គណៈប្រតិភូខេត្តយូណាន ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរៀបរាប់ពីការងារស្នូលរបស់អាជ្ញាធរជាតិអប្សរា ដែលដើរតួយ៉ាងសំខាន់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្ថែមថា មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២។ ក្នុងរយៈពេលនេះ អង្គរទទួលបានជោគជ័យជាច្រើនទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ពោលគឺយើងសម្រេចបាននូវការរក្សាតម្លៃលេចធ្លោជាសកលនៃអង្គរតាមរយៈការងារអភិរក្ស ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តោតលើវិស័យទេសចរណ៍ បរិស្ថាន ព្រៃឈើ និងសហគមន៍មនុស្ស។

លោក Zhou Hong អគ្គនាយករងទទួលបន្ទុកផ្នែកការងាររៀបចំអភិវឌ្ឍន៍ក្រុង នៃខេត្តយូណាន បានរៀបរាប់ពីភូមិសាស្រ្តនៃខេត្តយូណាន ជាពិសេសខេត្តនេះមានរមណីយដ្ឋានចំនួន ៥ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោក Zhou Hong បានដឹកនាំប្រតិភូទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបានមើលឃើញពីការងារជួសជុលទាំងឡាយ ហើយលើកសរសើរថា ការជួសជុលនោះមានបច្ចេកទេសត្រឹមត្រូវ ដែលគួររៀនសូត្រតាម។ ក្រៅពីកោតសរសើរចំពោះការងារអភិរក្សហើយនោះ លោក Zhou Hong ក៏បានអញ្ជើញឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ទៅទស្សនកិច្ចនៅខេត្ត យូណានផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ស៊ុ ម៉ាប់ បានសម្តែងអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងបំណងអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ល្អៗរវាងគ្នាទោវិញទៅមក និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នាដែរនោះឯកឧត្តមក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាក៏មានសហប្រតិបត្តិការជាមួយស្ថាប័នបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ ដែលបានជួសជុលប្រាសាទចៅសាយទេវតា និងកំពុងដំណើរការជួសជុលប្រាសាទតាកែវ។ បច្ចុប្បន្ន មានប្រទេស និងស្ថាប័នអន្តរជាតិជាង ៥០ ដែលកំពុងចូលរួមជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ ទៅលើប្រាសាទជាង ៥០ ក្នុងចំណោម ៩១ប្រាសាទ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា៕