ទំនាស់ពាក្យសម្តីគ្នាបន្តិចបន្ទួចឈានដល់ប្រើអំពើហិង្សាត្រូវប៉ូលិសវាយខ្នោះ

0

យក្ខឡោម
ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវនគរបាលស្រុកបកែវចាប់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា កាលពីវេលាម៉ោង៧នឹង១៩នាទីថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សេវ ខេង ស្ថិតក្នុងភូមិកក់ ឃុំកក់ ស្រុកបរកែវ ។

មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា ជនបង្កឈ្មោះ សេវ ទើយ ភេទប្រុសអាយុ២១ឆ្នាំជនជាតិទំពួន មានមុខរបរកម្មករជីកត្បូង រស់នៅភូមិឃុំកើតហេតុខាងលើ។ បានវាយទៅលើជនរងគ្រោះឈ្មោះ ជីម វ៉ា ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករជីត្បូងដូចគ្នា ស្នាក់នៅផ្ទះជាមួយជនសង្ស័យ បានប្រើដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។

នគរបាលបានបន្តថា មូលហេតុ :ទំនាស់ពាក្យសម្តីគ្នាបន្តិចបន្ទួចពេលកំពុងមកពីធ្វើការហត់នឿយក្រោយពីជីកត្បូងរួចមក។

ជាមួយគ្នានេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធីច្បាប់ ៕