មេធាវីចំនួនបីរូបប្តឹងជំទាវលី អ៊ុំអេង ទៅតុលាការករណីក្លែងឯកសារប៉ុនប៉ងរំលោភកាន់កាប់ដីរដ្ឋក្នុងតំបន់បុរីសណ្ឋាគារ

0

សៀមរា៖ មេធាវីចំនួនបីរូបដែលតំណាងដោយអាណត្តិ របស់អង្គភាពអាជ្ញាធរអប្សរា បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោកស្រីលី អ៊ុំអេង ទៅ

តុលាការ បន្ទាប់ពីបានរកឃើញថា លោកស្រីក្លែងបន្លំឯកសារ សាធារណៈប៉ុនប៉ងរំលោភកាន់កាប់ដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្នុងតំបន់បុរីសណ្ឋាគារជិត៣ហិចតា និងទារសំណង៥០.០០០.០០០រៀល។
មេធាវីទាំងបីរូបដែលរួមគ្នាប្តឹងនោះ ទី១មានឈ្មោះឈិត បូរ៉ាវុធ ទី២ឈ្មោះភុំ ប៊ុនផាន់ និងទី៣ឈ្មោះស៊ន់ សុជាតិ។ ក្រុមមេធាវីខាងលើ បានដាក់ពាក្យបណ្តឹងចូលទៅតុលាការ កាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ ដោយចោទប្រកាន់ឈ្មោះលី អ៊ុំអេង ភេទស្រីអាយុ៤៥ឆ្នាំមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ពីបទ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ ក្នុងពាក្យបណ្តឹងនោះបានសំណូមពរ ដល់តុលាករឲ្យបើកការស៊ើបអង្កេត និងចោទប្រកាន់ឈ្មោះលីអ៊ុំអេង ពីបទក្លែងឯកសារសាធារណៈ និងឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងខូចខាតចំនួន៥០.០០០.០០០រៀលទៀតផង។
យោងខ្លឹមសារនៃបណ្តឹង ចុះថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ បង្ហាញថាឈ្មោះលីអ៊ុំអេងនិងបក្ខពួកប៉ុនប៉ងរំលោភកាន់កាប់ដីរបស់រដ្ឋ ក្នុងតំបន់បុរីសណ្ឋាគារ រហូតជិត៣ហិចតា តាមរយៈក្លែងបន្លំឯកសារកាន់កាប់ដី។ ឯកសារកាន់កាប់ដីទាំងនោះមានការកោសលប់ សរសេរឡើងវិញនៅត្រង់ឈ្មោះអ្នកកាន់កាប់ដី សរសេរកែទំហ៊ំដី ក្លែងបន្លំហត្ថលេខាម្ចាស់ដីដើម ឯកសារកាន់កាប់ដីពីរផ្សេងគ្នាតែមានព្រំប្រទល់ដូចគ្នា និងឯកសារកាន់កាប់ដីខុសទីតាំងដី។
លោកភុំ ប៊ុនផាន់ មេធាវី ក្នុងចំណោមមេធាវីទាំងបីរូបបានបញ្ចាក់ថា ដីរបស់រដ្ឋជិតបីហិចតាដែលឈ្មោះលីអ៊ុំអេង ក្លែងឯកសារប៉ុនប៉ងរំលោភកាន់កាប់ មានទីតាំងក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រង់ចំណុចជាក្បែររង្វង់មូលអង្គរឃ្យូងយូ ជាប់សារមន្ទី(ឥណ្ឌា)និងទល់មុខសារមន្ទីរ។ ដីទាំងពីរកន្លែងនោះឈ្មោះលីអ៊ុំអេង បានប្រើលិខិតក្លែងបន្លំចំនួន៣ មកធ្វើជាមូលដ្ឋានសម្រាប់រំលោភកាន់កាប់ ដែលលិខិតទីមួយមានក្បាលដីលេខ៣៩០ចុះថ្ងៃទី២៧/២/១៩៩២ ទីពីរលេខ១០៨៧ចុះថ្ងៃទី១៩/១២/១៩៨៧ និងទីបីលេខ២៨៣ចុះថ្ងៃទី១៨/២/១៩៩២។ ដីនៅទីតាំងដដែលតែលិខិតកាន់កាប់ មានភូមិខុសគ្នា ហើយលិខិតទាំងនោះមានកោសលប់ឈ្មោះចាស់ ដាក់ឈ្មោះថ្មី.កោសលប់ផ្ទៃក្រឡានិងយកលិខិតផ្សេងមកប្តឹងទាមទារ។ លោកបន្តថា តាមពិតដីទាំងនេះអាជ្ញាធរអប្សរា បានដោះស្រាយគោលនយោបាយជាមួយម្ចាស់ដើមចំនួន៣នាក់រួចហើយ តាមរយៈសំណុំរឿងហៅកាត់ថា (IRC) ដែលម្ចាស់ទី១ឈ្មោះឯល កូប ភេទស្រី IRCលេខ៣០៣៤ ទី២ឈ្មោះហ៊ាង សារិ ភេទប្រុសIRCលេខ៤០៣៥ និងទី៣ឈ្មោះខៀវ ប្រសើរ ភេទប្រុសIRCលេខ៣១៧៩ ៕