ខេត្តរតនគិរី ៖ ឃាដ.ក សម្លាប់យុវតីជាសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ដែលធ្វើឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋហួសចិត្តនោះគឺជនសង្ស័យបានមកឈរមើល និងជួយសែងសាកសពចេញពីកន្លែងកើតហេតុចូលទៅក្នុងផ្ទះជនរងគ្រោះទៀតផង ។
លោក តេង សាវុធ អធិការរងទទួលបន្ទប់ព្រហ្មទណ្ឌក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ដែន អាយុ៣៩ឆ្នាំជនជាតិគ្រឹង មុខរបរកសិករ ជាបុរសពោះម៉ាយលែងប្រពន្ធ២ឆ្នាំមកហើយ រស់នៅជាមួយប្អូនបង្កើតឈ្មោះប៉ក់ ឡុក ភេទស្រី ដែលមានផ្ទះក្បែរគ្នានឹងយុវតីដែលខ្លួនសម្លាប់ ។
លោកបានបញ្ជាក់ទៀតថា ឃាត់ខ្លួនជនសង្ស័យខាងលើគឺក្នុងថ្ងៃកើតហេតុដែលយុវតីនោះស្លាប់ក្នុងវេលាម៉ោង៥ រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់ខ្លួននៅចំណុចផ្ទះយុវតីនោះតែម្តង ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានស្រាវជ្រាវព័ត៌មានយ៉ាងលម្អិតជុំវិញកន្លែងកើតហេតុ ។
ពេលសមត្ថកិច្ចឃាត់ខ្លួនមកដល់អធិការជនសង្ស័យមិនបានសារភាពថា សម្លាប់យុវតីឈ្មោះ អាត់ សិញ អាយុ១៨ឆ្នាំ នោះទេ តែព័ត៌មានគួឲ្យចាប់អារម្មទៅលើជនសង្ស័យរូបនោះទី១ នៅប្រហែលជាម៉ោង៧យប់ជនសង្ស័យបានទៅទិញស្រាបៀរ១កំប៉ុង និងដូរក្រវឹល១កំប៉ុងទៀតនៅតូបលក់របស់យុវតីរងគ្រោះយកទៅផឹកផ្ទះរបស់ខ្លួនស្របពេលយុវតីរងគ្រោះមកពីសាលាផងដែរ ដល់ពេលសមត្ថកិច្ចចាប់បានសួរជនសង្ស័យថា តើមានទៅទិញស្រាបៀរនៅតូបយុវតីដែរឬទេ.? ជនសង្ស័យរូបនេះបានឆ្លើយបង្វែរដានថា អត់បានទៅទិញទេ ជនសង្ស័យរូបនោះបានឆ្លើយថា ខ្លួនបានទៅទិញស្រាបៀរពីរកំប៉ុងនោះនៅភូមិ១ កាចាញ ពេលសមត្ថកិច្ចសួរដេញដោលយ៉ាងខ្លាំងទើបជនសង្ស័យបានថា ទិញស្រានៅផ្ទះជនរងគ្រោះពិតប្រាកដមែន ហើយមានចំណុចសំខាន់ៗជាច្រើនទៀតដែលធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ និងឈានទៅដល់ការដាក់បន្ទុកទៅលើជនសង្ស័យរូបនេះ ។
លោក តេង សាវុធ បានបញ្ជាក់ថា ជនសង្ស័យខាងលើសមត្ថកិច្ចក្រុងបានលុងបញ្ជូនខ្លួនទៅឲ្យសាលាដំបូងខេត្តរតនគិរីធ្វើការចោទប្រកាន់ ឥឡូវជនសង្ស័យបានបញ្ជូនទៅដាក់ពន្ធនាគារភ្នំស្វាយថ្ងៃទី៥ ខែកុម្ភះនេះ ។
បើតាមព័ត៌មានពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ ស៊ុត អាត អាយុ៤២ឆ្នាំ ជនជាតិគ្រឹង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា ដែន នេះត្រូវជាប្អូនជីដូនមួយរបស់គាត់ យុវតីដែលត្រូវជាក្មួយរបស់ជនសង្ស័យហើយជនសង្ស័យចេញចូលផ្ទះគាត់ដោយសេរី ៕ យក្ខឡោម