Kevin-Prince Boateng (​ខេ​វីន ព្រី​ន បូ​ថេ​ង​) អះអាងថា ហ្គា​ណា​នឹង​លេង​ដាច់​កជើង​ចោល​ពេល​ប៉ះ​អាល្លឺម៉ង់​

0

​កីឡាករ Kevin-Prince Boateng (​ខេ​វីន ព្រី​ន បូ​ថេ​ង​) បាន​និយាយថា រូបគេ​និង​ក្រុម​ហ្គា​ណា ទាំងមូល​នឹង​ប្រយុទ្ធ​ដាច់​កជើង​ចោល​ពេលដែល​ពួកគេ​ប៉ះ​អាល្លឺម៉ង់​នៅ​ថ្ងៃ​សៅរ៍​នេះ ។​ ​ខ្សែបម្រើ​ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​ប៊ែ​កឡាំង​រូបនេះ​អាច​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ប្អូនប្រុស​របស់ខ្លួន​គឺ Jerome Boateng (​ជើ​រ៉ូម បូ​ថេ​ង​) ពេលដែល​ក្រុម​ទាំងពីរ​ប៉ះគ្នា​ក្នុង​ទីក្រុង ហ្វ​រ​តា​ឡេ​ហ្សា នៅ​ចុង​សប្តាហ៍​នេះ ។​ ​ប្រទេស​មកពី​តំបន់​អាហ្វ្រិក​មួយ​នេះ​បាន​ប្រកួត​ចាញ់​អាមេរិក​២-១​ក្នុងការ​ប្រកួត​លើកដំបូង របស់ខ្លួន​ហើយ Boateng ជឿជាក់ថា ជំនួប​ជាមួយ​អាល្លឺម៉ង់​លើក​នេះ​ក្រុម​មិនអាច​ភ្លាត់​ចាញ់​បាន នោះទេ​ព្រោះ​បើ​ចាញ់​ក្រុម​នឹង​ធ្លាក់ ។​ ​

កីឡាករ​របស់​ក្រុម Schalke 04 (​ស្កាល់ សូន្យ​បួន​) រូបនេះ​ប្រាប់​គេហទំព័រ Bild ថា “​វា​ដូចជា ចម្បាំង​អ៊ីចឹង មាន​មនុស្ស​ជាច្រើន​ក្នុង​ទីលាន​ដែល​ត្រូវ​ប្រយុទ្ធ​គ្នា​ហើយ​យើង​ត្រូវតែ​ប្រយុទ្ធ​ដល់ទី​បញ្ចប់​” ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​រវាង​ហ្គា​ណា​និង​អាល្លឺម៉ង់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត ៕