បើកការដ្ឋានស្ដារនិងជួសជុល ឡើងវិញអាងទឹកកន្សែងនៅស្រុកអរជ្រៅ

0

បន្ទាយមានជ័យ៖  ការដ្ឋាន ជួសជុល និងស្តារឡើងវិញ អាងទឹកកន្សែងត្រូវបានបើកដំណើការ នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ស្ថិតនៅចំណុចភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាតំបន់ខ្សត់ខ្វះទឹកប្រើប្រាស់ និងស្រោចស្រព។ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ និងមានការចូលរួមពី អភិបាលរងខេត្ត លោក ហៀង ម៉េង តំណាងក្រសួងធនធានទឹក និងឧត្តុនិយមអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ។
លោក លី សុវណ្ណរិទ្ធ បានអោយដឹងថា អាងទឹកកន្សែងជាអាងកសាងសម័យប៉ុលពត ក្នុងឆ្នាំ១៩៧៨ ត្រូវបានបើកការដ្ឋាន ជួសជុល និងស្តារឡើងវិញ មានទំហំ បណ្តោយប្រវែង ២៣២៦ម៉ែត្រ ទទឹងប្រវែង ១០០០ម៉ែត្រ កម្ពស់ ៣.៥ ទៅ ៥ម៉ែត្រ អាចផ្ទុកទឹកបាន ៤.០០០.០០០ ម៉ែត្រគូប និងអាចស្រោចស្របស្រូវនារដូវវស្សា ពី១៥០០ ហិកតា .រដូវប្រាំង ២០០ ទៅ៣០០ ហិកតា ដំណាំរួមផ្សំ និងការប្រើប្រាស់របស់សហគមន៍ ។
ជាជំហ៊ានទី២ ក្រសួងធនធានទឹក និងឧត្តុនិយម លើកគម្រោងឆ្នាំ២០១៩ ធ្វើប្រឡាយមេចំនួន៣ខ្សែ និងប្រឡាយរងតភ្ជាប់ទៅកាន់ក្រុងសិរីសោភ័ណ ។
ក្រៅពីបម្រើឲ្យការស្រោចស្របស្រូវ និងគម្រោងស្តារអាងកន្សែងនេះនឹងក្លាយជាប្រព័ន្ធមនាគមន៍ ដ៍សំខាន់ផងដែរ និងក្លាយជាកន្លែងកម្សាន្តទេសចរណ៍នៅជនបទផងដែរ។
ឯកឧត្តម សួន បវរ អភិបាលបន្ទាយមានជ័យមានប្រសាសន៍ថា សមិទ្ធផលដែលនឹងកើតចេញក្រោយការ បើកការដ្ឋានថ្ងៃនេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ក្នុងការចូលរួមធ្វើឱ្យ សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសិង្ហ និងឃុំមួយចំនួនទៀត ស្រុកអូរជ្រៅ កាន់តែមានភាពល្អប្រសើរឡើងតាមរយៈការជំរុញលើការងារ បង្កបង្កើនផលកសិកម្មពិសេស លើដំណាំស្រូវបានគ្រប់រដូវកាលដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ ស្រយាលនេះ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបន្តទៀតថា សំណង់ធារាសាស្ត្រទំនប់អាងកន្សែង កំពុងធ្វើការសាងសង់ឡើងនេះក៏ដូចសមិទ្ធផលនានា ជាច្រើន ទៀតរបស់ឃុំសិង្ហ ស្រុកអូរជ្រៅ ដែលស្ថិតក្នុងបរិបទដែលប្រទេសជាតិយើងរក្សាបាន នូវសុខ សន្តិភាពស្ថិរភាពនយោបាយល្អប្រសើរ បានផ្តល់នូវឱកាសសម្រាប់យើងទាំងអស់គ្នាក្នុងការខិតខំកសាងប្រទេសជាតិកសាង ភូមិឃុំពិសេសកសាងជីវភាពរស់នៅឱ្យ កាន់តែរីកចម្រើន ថែមទៀត។
ឯកឧត្តម សួន បវរ អភិបាលខេត្តក៏បានរំលឹកផងដែរដល់អាជ្ញាធរដែនដី ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ខិតតខំចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋ អាជ្ញាធរ ចូលរួមសហការស្ថាបនា អាងកន្សែងនេះ សម្រាប់ជាប្រយោជន៍សាធារណៈ ៕ដោយ៖ឃិន គន្ធា