ម៉ូតូបុកម៉ូតូខ្ទាតមនុស្សម្នាក់ចូលក្រោមរថយន្តកិនស្លាប់ម្នាក់របួសធ្ងន់២នាក់នៅស្រុកត្រាកក់

0

តាកែវ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុនិង២នាក់ផ្សេងទៀតរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹងបណ្តាលអោយខ្ទាតមនុស្សម្នាក់ចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២០និង០៥នាទីនៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧១ និង៧២ ស្ថិតក្នុងភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1M 6384 បើកបរដោយឈ្មោះ ស៊ឹក សៀង ភេទប្រុស អាយុ៣៣ឆ្នាំ ឌុបប្រពន្ធឈ្មោះ ម៉ៅ វី អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិអង្គគគី ឃុំពពែល ស្រុកត្រាំកក់ជាមួយគ្នា ប្តីប្រពន្ធទាំង២នាក់រងរបួសធ្ងន់។ ម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកក្រោយពេលកើតហេតុអ្នកបើកបរបានគេចខ្លួនបាត់ដោយទុកជនរងគ្រោះម្នាក់ដែលស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C 0888 ក្រោយពេលកើតហេតុអ្នកបើកបរបានគេចខ្លួនបាត់។ អ្នកឃើញហេតុការបានប្រាប់ប៉ូលីសថាមុនពេលកើតហេតុគេឃើញម៉ូតូពណ៌ខ្មៅមួយគ្រឿងជិះឌុបគ្នា២នាក់មកពីទិសខាងត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាមកបុកយ៉ាងពេញទំហឹងបណ្តាលអោយដួលរណូករណែលហើយខ្ទាតមនុស្សម្នាក់ចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងមនុស្ស២នាក់ទៀតរងរបួសធ្ងន់តែម្តង ។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕