បុរសម្នាក់ ក្នុងចំណោម៤នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះទូកទៅរកចាប់ពស់ ហើយបានលិចនៅកណ្តាលទន្លេ

0

ខេត្តរតនគិរី: បុរសម្នាក់ក្នុងចំណោម៤នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានជិះទូកទៅរកចាប់ពស់ ហើយបានលិចទូកនៅកណ្តាលទន្លេតែម្ត ។

ហេតុការណ៍លិចទូកបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចជួរលាវ ក្នុងទន្លេស្រែពក ស្ថិតនៅភូមិអូកាន ឃុំជ័យឧត្តម ស្រុកលំផាត់។

មេប៉ុស្តិ៍ជ័យឧត្តម លោក ឃុត សុខកុយ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សយ ស្រ៊ី ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែក៣នាក់ទៀតត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបានរួចផុតពីសេចក្តីស្លាប់ ។

មេប៉ុស្តិ៍ជ័យឧត្តម បានបន្តថា សាកសពដែលបាត់ខ្លួននោះ បានរកឃើញនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨នេះ ហើយសាច់ញាតិនៃសពបាននាំគ្នាដើររកក៏ប្រទះឃើញអណ្ដែតទឹកនៅមាត់ច្រាំងទន្លេ ចម្ងាយពីកន្លែងលិចទូកប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ ។

មេប៉ុស្តិ៍បានបញ្ជាក់ទៀតថា
ក្នុងការដើររកសពនេះកម្លាំងអធិការនគរបាលស្រុកលំផាត់បានសហការជាមួយកម្លាំងប៉ុស្តិ៍ជ័យឧត្តម នឹងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នីគ្នាដើររកហើយបានប្រទះឃើញសពអណ្ដែតទឹកនៅមាត់ច្រាំងទន្លេ ។
ក្រោយពីការរកឃើញសាកសពនេះហើយ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យនៅលើដងខ្លួនឃើញថា ពុំមានស្លាកស្នាមអ្វីនោះឡើយ ពិតជាលង់ទឹកស្លាប់ខ្លួនអែងពិតប្រាកដមែន មិនមែនរឿងឃាតកម្មនោះទេ ។
ក្រោយពីធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យក្ខឡោម