សាលមហោស្រពអាណាចក្រអង្គរត្រូវអគ្គីភ័យឆាបឆេះស្ទើទាំងស្រុងដែលមានតម្លៃរាប់លានដុល្លារ

0

សៀមរាប៖ សាលមហោស្រពអាណាចក្រអង្គរ ដែលជាការវិនិយោគរួមគ្នារវាងពាណិជ្ជករខ្មែរ និងចិន មានតម្លៃសាងសង់អស់រាប់លានដុល្លាអាមេរិក ត្រូវបានអគ្គីភ័យឆាបឆេះផ្នែកខាងក្នុងអស់ទាំងស្រុង នាពីព្រឹកថ្ងៃសុក្រទី ១៦ ខែមីនាឆ្នាំ២០១៨នេះ។
ទីតាំងមហោស្រពនេះ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ទល់មុខរោងកុនបារាយណ៍អណ្តែត ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានដែលបានចុះអន្តរាគមន៍បានឲ្យដឹងថា គ្រោះអគ្គីភ័យនេះ បានឆាបឆេះនៅវេលាប្រមាណជាម៉ោង៩ព្រឹក ហើយភ្លាមៗកម្លាំងសមត្ថកិច្ចបាន ចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អង្គភាពបរិស្ថានការពារទេសភាពអង្គរ អាជ្ញាធរជាតិអប្សរា និងរថយន្តពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះអន្តរជាតិសៀមរាប។
អភិបាលខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង បានមានប្រសាសន៍ឲ្យដឹងក្នុងខណៈដែលឯកឧត្តមចុះទៅពិនិត្យកន្លែងកើតហេតុនេះថា គ្រោះអគ្គីភ័យនេះ ពុំបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយបុគ្គលិកដែលនៅក្នុងអគារនោះត្រូវបានកម្លាំងជួយសង្គ្រោះទាន់ពេល។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ផ្នែកខាងក្នុងរបស់សាលមហោស្របនេះ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសារ។
សាលមហោស្របអាណាចក្រអង្គរ ដែលបង្កើតឡើងនៅក្នុងទឹកដីក្រុងសៀមរាប ជាការវិនិយោគរួមគ្នារវាងពាណិជ្ជករកម្ពុជា ចិន នៅលើទំហំទឹកប្រាក់ជាង១៥លានដុល្លាអាមេរិក។
សាលមហោស្រពនេះ បានបើសម្ពោធន៍កាលពីចុងឆ្នាំ២០១៧ ហើយគេរំពឹងថាសាលមហោស្រពមួយនេះ នឹងជួយលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបនៅលើឆាកអន្តរជាតិ។ពីព្រោះវាមានភាពទំនើប និងមានមុខងារច្រើនជាគេនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕