ជាទីលើក១ដែលជនជាតិជប៉ុនលោកយ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ានឹងរៀបចំប្រារព្ធពិធីចម្រើនអាយុតាមទំនៀមខ្មែរ

0

សៀមរាប៖ ក្នុងឆ្នាំ២០១៨នេះលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា មានអាយុ៨០ឆ្នាំទៅហើយ។ លោកសាស្ត្រាចារ្យបានមកស្គាល់ប្រទេសកម្ពុជាដំបូងនាឆ្នាំ១៩៦១ តាមរយៈកម្មសិក្សាឆ្ពោះមកអាស៊ីអាគ្នេយ៍ គឺប្រទេសវៀតណាមនិងកម្ពុជា។ ក្នុងកម្មសិក្សាមកកម្ពុជានាទឹកដីអតីតមហានគរ យុវជន យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រាង្គប្រាសាទ ទំនៀមទម្លាប់ និងប្រពៃណីរស់នៅរបស់ប្រជាជនកម្ពុជា រហូតមានអារម្មណ៍មួយនឹកគិតថា អនាគតខ្លួនត្រូវតែភ្ជាប់ជាមួយអង្គរ។

បន្ទាប់ពីបានវិលត្រលប់ទៅប្រទេសជប៉ុនវិញ លោកតែងតែគិតនឹកស្រម័យចង់មកកម្ពុជាម្តងទៀតដើម្បីសិក្សាប្រវត្តិសាស្ត្រនៃដែនដីដ៏ពិសិដ្ឋមួយដែលជាអតីតមហានគរដ៏រុងរឿង។ រហូតដល់ឆ្នាំ១៩៦៩ លោកបានចូលរួមក្នុងគម្រោងស្រាវជ្រាវមួយក្នុងអភិរក្សដ្ឋានអង្គរ ក្រោមការណែនាំផ្ទាល់ពីអ្នកជំនាញបារាំងគឺលោក Bernard Philippe Groslier។

នៅឆ្នាំ១៩៧០ ដល់១៩៧៥ រហូតដល់១៩៧៩ កម្ពុជាបានជួបប្រទះនូវសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ដែលបានរារាំងមិនអាចឱ្យរូបលោកបន្តកិច្ចការជាមួយអង្គរតទៅទៀតបាន។ លោកក៏បានបន្តការសិក្សាវិជ្ជាខ្មែរនៅប្រទេសបារាំងជាមួយសាលាបារាំងចុងបូព៌ា (EFEO) ផ្នែកសិលាចារឹកខ្មែរបុរាណ។

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅប្រទេសបារាំង លោកបានវិលទៅបម្រើការងារនៅប្រទេសជប៉ុនវិញ នៅមហាវិទ្យាល័យភាសាបរទេសនៃសកលវិទ្យាល័យសូហ្វីយ៉ាដែលជាសកលវិទ្យាល័យដ៏ធំមួយនៅប្រទេសជប៉ុន រហូតបានក្លាយជាសកលវិទ្យាធិការ ។

ក្នុងឆ្នាំ១៩៨០ លោកសាស្ត្រាចារ្យបានទទួលលិខិតមួយច្បាប់ពីលោក ពេជ កែវ អតីតមិត្តរួមការងារនៅអភិរក្សដ្ឋានអង្គរ ដែលពេលនោះលោកមានតួនាទីជាប្រធានអភិរក្សដ្ឋានអង្គរក្រោយសម័យរំដោះ។ លោកសាស្ត្រាចារ្យក៏បានមកកាន់កម្ពុជាសាជាថ្មីក្នុងនាមជាបុគ្គលទី១នៃអ្នកជំនាញបស្ចិមប្រទេសដែលបានចូលមកកម្ពុជាមុនគេក្រោយរបបខ្មែរក្រហម។ ដោយរន្ធត់ចិត្តចំពោះការបាត់បង់អ្នកជំនាញនិងមើលឃើញពីភាពរងគ្រោះយ៉ាងខ្លាំងមកលើវិស័យបេតិកភណ្ឌ ទើបលោកសម្រេចចិត្តសាជាថ្មី ថាត្រូវតែរកមធ្យោបាយជួយកម្ពុជា ជាពិសេសគឺត្រូតែបណ្តុះបណ្តាលឡើងវិញនូវធនធានមនុស្សដើម្បីបម្រើការលើវិស័យជំនាញនេះ។

ការតាំងចិត្តរបស់លោកសាស្ត្រាចារ្យក៏បានទទួលជោគជ័យជាបន្តបន្ទាប់ គម្រោងស្រាវជ្រាវ និងការអភិរក្សជួសជុលជាច្រើនក៏បានសម្រេច ចំណែកក្តីស្រមៃធំរបស់លោកសាស្ត្រាចារ្យ ក៏បានក្លាយជាការពិត និស្សិតខ្មែរជាច្រើនបានបន្តការសិក្សានៅសកលវិទ្យាល័សូហ្វីយ៉ា តាមរយៈការជំរុញរបស់លោក ហើយបើគិតត្រឹមឆ្នាំ២០១៨នេះ និស្សិតរបស់លោកដែលបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមានចំនួន៦រូប ថ្នាក់អនុបណ្ឌិតមានចំនួន១១រូប ព្រមទាំងការបណ្តុះបណ្តាលអ្នកជំនាញផ្សេងៗ រួមទាំងជាងដាប់ថ្ម និងកម្មករដែលបម្រើការផ្ទាល់ជាមួយវិស័យបេតិកភណ្ឌនេះទៀតផង។

ក្នុងបេសកកម្មជួយកម្ពុជាដែលលោកបានបំពេញ កន្លងមកនេះក៏ធ្លាប់ទទួលបានការលើកទឹកចិត្តពីសំណាក់ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ដែរ។ ជាក់ស្តែង ក្នុងពេលនេះដោយក្តីដឹងគុណដែលលោកជាជនបរទេសតែងតែគិតគូរពីកម្ពុជា អតីតកូនសិស្ស និងសហការីរួមការងាររបស់លោក ក៏បានបំពេញបំណងរបស់លោកដែលតែងតែស្រលាញ់កម្ពុជា ជាពិសេសប្រាង្គប្រាសាទ និងប្រជាពលរដ្ឋនៅតំបន់អង្គរនោះ ទើបមានការឯកភាពគ្នាថានឹងត្រូវរៀបចំពិធីចម្រើនអាយុជូនលោកដើម្បីជាកិច្ចដឹងគុណ។

ពិធីចម្រើនអាយុ ច័ន្ទសុក្រគិរីសូត្រ ដែលត្រូវរៀបចំជូនលោកសាស្ត្រចារ្យនេះ គឺរៀបចំឡើងតាមទំនៀមអ្នកស្រុកអង្គរផ្ទាល់ ដែលពួកគាត់បានបន្តគោរពតាំងពីបុរាណរហូតដល់បច្ចុប្បន្ន។ ពិធីនេះនឹងត្រូវរៀបចំនៅថ្ងៃសៅរ៍ ១៥កើត-អាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា-០១មេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៃសកលវិទ្យាល័យសូហ្វីយ៉ា មានទីតាំងស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ខាងត្បូងស្ពាននាគ)។

លោកសាស្រ្តាចារ្យនឹងធ្វើដំណើរមកពីប្រទេសជប៉ុនដើម្បីទទួលពិធីនេះដោយក្តីសប្បាយចិត្ត និងមោទនភាពដែលលោកមានវាសនាទទួលបាននូវការដឹងគុណជាពិសេសសម្រាប់ជីវិតចុងក្រោយ ដែលបានរួមដំណើរជាមួយជនជាតិកម្ពុជាលើវិស័យបេតិកភណ្ឌ៕