មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានចុះពិនិត្យការសង់ទីជម្រកសំរាប់ទទួលកងទ័ពថ្មី៥០០នាក់ នៅទីតាំងឈរជើងនានា និងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ!

0

ដោយ ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ការចុះពិនិត្យការសាងសង់ទីជម្រក សំរាប់ទទួលកងទ័ពថ្មី៥០០នាក់ ដែលនឹងបញ្ចប់វគ្គហ្វឹកហ្វឺន នៅក្នុងសាលាពលទាហាន នាប៉ុន្មានខែទៀតខាងមុខនេះ បានធ្វើកាលពីថ្ងៃចុងសប្តាហ៍មុននេះ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន រួមជាមួយនាយទាហាន ជាច្រើនរូបទៀតផងនោះដែរ។លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ថា នៅថ្ងៃចុងសប្តាហ៍មុននេះ លោកឧត្តមសេនីយ៍ បានដឹកនាំនាយទាហានជាច្រើនរូប ចុះទៅកាន់ទីតាំងឈរជើងរបស់កងកម្លាំងចំនួន៣ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង និងនៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីពិនិត្យពីការសាងសង់ទីជម្រកស្នាក់នៅ និងលេណដ្ឋានឈរជើង របស់កងទ័ពថ្មី៥០០នាក់ ដែលនឹងត្រូវបញ្ចប់វគ្គហ្វឹកហ្វឺន ពីសាលាពលទាហាន នាប៉ុន្មានខែទៀតខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មានប្រសាសន៍ទៀតថា ទីតាំងទាំង៣ដែលត្រូវពិនិត្យនោះ គឺកងអនុសេនាធំទី៣ ចំណុះវរៈសេនាតូចលេខ២ កងអនុសេនាធំទី១ របស់ផ្នែកសឹករងសៀមប៉ាង និងនៅតាមចំណុចឈរជើង នៃបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ នោះថែមទៀត។ នៅខណៈនោះ លោកមេបញ្ជាការបានថ្លែងទៅកាន់នាយទហាន និងពលទាហានថា យើងនឹងបន្តផែនការកសាងផ្ទះស្នាក់នៅ ផ្ទះបាយ និងឃ្លាំងផ្ទុកសម្ភារៈ ចំនួន៨២ខ្នងបន្ថែមទៀត។ ប៉ុន្តែ ជំហានទី១ អង្គភាពត្រូវកសាងផ្ទះ៥១ខ្នង ហើយមកទល់នឹងពេលនេះ យើងសំរេចលើកការសាងសង់បាន៥១ខ្នងហើយ ក្នុងនោះក៏មានឃ្លាំងស្បៀងផងដែរ ឯផ្ទះមួយចំនួនបានបាំងជញ្ជាំង និងប្រក់ដំបូលរួចរាល់ និងមួយចំនួនទៀត នៅមិនទាន់មានជញ្ជាំងបាំង និងប្រក់ដំបូលនៅឡើយទេ។ លោកបន្តទៀតថា នៅជំហានទី២ យើងនឹងបន្តសាងសង់ផ្ទះ៣០ខ្នងទៀត ហើយផ្ទះដែលកំពុងដំណើរការកសាងទាំង៥១ខ្នងនេះ ១ខ្នងត្រូវចំណាយថវិកាអស់៤លានរៀល ទាំង៥១ខ្នងផ្ទះ នឹងត្រូវចំណាយថវិកាអស់ជាង៥ម៉ឺនដុល្លារ ក្នុងនោះមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង ជួយឧត្ថម្ភស័ង្កសី ២ពាន់៧០០សន្លឹក ដែកគោល១៦០សុង ដែកគោលមួក១ពាន់២០០គីឡូក្រាម និងក្រៅពីនោះអង្គភាពសឹករងខេត្ត បានធ្វើការច្នៃប្រឌិតដោយខ្លួនឯង។ ចំណែក ផ្ទះ៣០ខ្នងទៀត ដែលត្រូវកសាងនៅជំហានទី២ខាងមុខនេះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន លោកនឹងបន្តជួយស័ង្កសី២ពាន់សន្លឹក សំរាប់ប្រក់ដំបូលផ្ទះជូនកងទ័ពថ្មី។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងអំណរគុណ ចំពោះមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង ក៏ដូចជាអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដែលបានជួយឧបត្ថម្ភ នូវស័ង្កសី ដែកគោល និងអណ្តូងទឹក សំរាប់កងទ័ពស្នាក់នៅ និងប្រើប្រាស់បានសមរម្យ និងលោកបានកោតសរសើរ ដល់នាយ និងពលទាហានទាំងអស់ ដែលបានខិតខំរួមគ្នា កសាងទីជម្រកស្នាក់សំរាប់កងទ័ពថ្មី។
ស្របពេលជាមួយគ្នានេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានសំណូមពរទៅដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអភិបាលខេត្តស្ទឹងត្រែង មេត្តាជួយឧបត្ថម្ភ នូវសម្ភារៈសំណង់ មានដូចជា ស័ង្កសី ដែកគោល បន្លារលួស អណ្តូងទឹក និងថវិកា សំរាប់យកមកសាងសង់ទីជម្រកជូនកងទ័ពថ្មី៥០០នាក់ ដែលនឹងត្រូវបញ្ចប់វគ្គហ្វឹកហ្វឺន នៅពេលខាងមុខនេះ៕