អគ្គីភ័យក្របាក់ សិប្បកម្ម ផលិតពូក មួយកន្លែង ក្នុង ក្រុងកំពត បង់ខាត ទ្រព្យសម្បត្តិខ្ទង់រាប់ម៉ឺនដុល្លារ

0
14

កំពតៈ អគ្គិភ័យមួយបានឆាបឆេះសិប្បកម្មផលិតពូកមួយកន្លែង បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន អាចវាយតម្លៃជាប្រាក់ថា ខ្ទង់ម៉ឺនដុល្លារ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង២៖៤៥នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងរោងសិប្បកម្មផលិតពូកមួយកន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលចុះអន្តរាគមន៍ផ្ទាល់ ដើម្បីជួយពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីមានគ្រោះអគ្គិភ័យនេះកើតឡើងភ្លាម ដោយភ្លើងបានឆាបឆេះអស់១៥នាទី កម្លាំងអន្តរាគមន៍មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានចំនួន៤គ្រឿង មកដល់កន្លែងកើតហេតុភ្លាមៗ ហើយបាញ់ទឹកនៅពេលភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យស្ថានការណ៍នៃការឆាបឆេះរលត់មួយចំហៀងឃ្លាំងប៉ែកខាងលិច។ លោកបន្តថា ពេលអគ្គិភ័យរលត់មួយចំហៀងឃ្លាំងនោះ កម្លាំងអន្តរាគមន៍បានជួយប្រមូលធុងប្រេង និងធុងដាក់ជរ័សម្រាប់ផលិតពូកបានមួយចំនួនធំ និងកៅស៊ូសម្រាប់ធ្វើពូកបានជាច្រើនដុំ ដែលមិនទាន់មានតួរលេខនៅឡើយ។

បើតាមលោកស្នងការ ចាប់តាំងពីម៉ោង២៖៤៥នាទី រហូតដល់ម៉ោង៦៖២៦នាទីព្រឹក នាថ្ងៃដដែលនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តផង និងតាមស្រុកផង មកជួយអន្តរាគមពន្លត់អស់ទឹកជាង២០រថយន្ត ទើបពន្លត់បានសម្រេច៩០%។ យ៉ាងណា គ្រោះអគ្គិភ័យខាងលើនេះ នៅមិនទាន់មានព័ត៌មានច្បាស់លាស់បញ្ជាក់ថា តើកើតឡើងដោយសារមូលហេតុអ្វីឡើយ។

ចំណែកការខូចខាតបាត់បង់សម្ភារៈនៅក្នុងឃ្លាំង ដែលម្ចាស់ស្នាក់នៅដូចផ្ទះក្នុងសិប្បកម្មនេះ គេមិនទាន់ដឹងថា ខូចខាតអស់ប៉ុន្មាននោះទេ ប៉ុន្តែបើតាមពិនិត្យជាក់ស្តែងនៅពេលអគ្គិភ័យឆាបឆេះ គេមិនឃើញម្ចាស់ផ្ទះយកអ្វីបាននោះទេ ពីព្រោះអគ្គិភ័យឆាបឆេះចាប់ផ្តើមខ្លាំងតែម្តង ហើយពាក់កណ្តាលអាធ្រាតទៀត។ ដូច្នេះគឺអាចបង់ខាតខ្ទង់រាប់ម៉ឺនដុល្លារ។