ខេត្តរតនគិរី÷ នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព-ស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ។
ពិធីប្រកាសខាងលើនេះប្រព្រឹត្តទៅក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ននិងលោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអនុប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន ប្រធានអនុប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៩ និងប្រធានមន្ទីរតាមបណ្តាខេត្តនានាមួយចំនួនក៏បានអញ្ចើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីនាពេលនេះផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងព័ត៌មានស្តីពីការតែងតាំងមន្រ្តីរាជការចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ សម្រេចតែងតាំងលោក កុល ផាន់ណា ជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី នៃក្រសួងព័ត៌មានជំនួសលោក ឆាយ បូរិន ដែលត្រូវសម្រួលភារ:កិច្ចថ្មីឲ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន៕ យក្ខឡោម