ព្រះវិហារ: ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ «ដើម្បីបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិនេះ និងអាណត្តិក្រោយៗបន្តទៀត»។ការអំពាវនាវនេះ ក្នុងគ្រាដែលឯកឧត្តម អញ្ជើញជាអធិបតីប្រកាសទទួលបញ្ចូលអតីតសកម្មជនសមាជិក អ្នកគាំទ្រគណបក្សសង្រ្គោះជាតិពេញសិទ្ធ ចំនួន១៥០នាក់ រស់នៅភូមិបង្កើនផល ភូមិស្វាយដំណាក់ថ្មី និងភូមិស្វាយដំណាក់ចាស់ ឋិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយ និងនយោបាយដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា។
បន្ទាប់ពីរបាយការណ៍សង្ខេបលើកឡើងរបស់លោក អ៑ុង វុទ្ធី ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករវៀង ក៍ដូចជាការប្តជ្ញាចិត្ត ដែលតំណាងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបញ្ចប់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបានភ្ញាក់រលឹក ហើយវិលត្រឡប់ចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ គឺជាការរួបរួមគ្នា ការពារសុខសន្តិភាព ដើម្បីកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនឡើងថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន ជាប្រធានគណបក្ស។
ជាមួយគ្នានោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា បានក៍ថ្លែងនូវការកោតសរសើរ ទៅដល់ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុករវៀង ដែលបានចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន តាមរយៈការធ្វើនូវអំពើល្អ ពិសេសខិតខំចូលរួមលះបង់ថវិការផ្ទាល់ខ្លួន ក្នុងការកសាងបាននូវសមិទ្ធផលផ្សេងៗ ជាប្រមុខរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ជាក់ស្តែងស្របពេលប្រកាសបញ្ចូលពេញសិទ្ធ សមាជិកអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៥០នាក់ គឺបានធ្វើពិធីសម្ភោធអណ្តូងទឹកស្អាត ចំនួន៦អណ្តូង សម្រាប់ទុកអោយប្រជាពលរដ្ឋប្រើប្រើប្រាស់ផងដែរ៕សួនលីណា