​អាមេរិក​បញ្ចេញ​របាយ​ការណ៍​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​

0

​ក្រោយពី​ចេញ​សេចក្តី​ព្រមាន​ច្រើន​ឆ្នាំកន្លងមក កាលពី​ថ្ងៃ​សុក្រ អាមេរិក​បាន​បញ្ជាក់ថា ប្រទេស​ថៃ ម៉ាឡេស៊ី និង វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជា​ប្រទេស​កំពូល​តារាង​ដែល​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​ក្នុងសម័យ​ទំនើប​នាពេល​បច្ចុប្បន្ននេះ​។​ ​ក្រៅពី​ប្រទេស​ទាំង​៣​នេះ នៅមាន​ប្រទេស ហ្គា​ម​បៀ​(Gambia) អ៊ីរ៉ង់ កូរ៉េខាងជើង និង​ស៊ី​រី ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ក្រសួងការបរទេស​អាមេរិក​ចាត់ទុកថា ជា​ប្រទេស​ដែលមាន​ការព្រួយបារម្ភ​បំផុត​នៅក្នុង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ហើយ​ដែល​អាមេរិក​កំពុង​ពិចារណា​ឈានដល់​ការដាក់ទណ្ឌកម្ម​ផងដែរ​។​ ​

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ប៉ាន​ប្រមាណ​ថា ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​មួយឆ្នាំៗ​មាន​ទឹកប្រាក់​១៥០​ពាន់​លាន​ដុល្លារ ក្នុងនោះ​៩៩​ពាន់​លាន​ដុល្លារ​បាន​ពី​ឧស្សាហកម្ម​ផ្លូវភេទ ហើយ​ពលរដ្ឋ​ដែល​ទទួលរង​ការរំលោភ​សិទ្ធិ​ទាំងនោះ មាន​ចាប់ពី​២០​លាន​នាក់​ដល់​២៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​ ​របាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិមនុស្ស​រា​ប់​ពាន់​នាក់​គឺ​នៅក្នុង​ប្រទេស​ថៃ ដែល​ពួកគេ​ទាំងនោះ​មកពី​ប្រទេសជិតខាង ។

ពួកគេ​ទទួលរង​ការធ្វើ​ទារុណកម្ម បង្ខិតបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម និង​បោកប្រាស់ លក់​ឲ្យ​ទៅ​បម្រើ​ផ្លូវភេទ​ជាដើម ដែល​ការរំលោភ​សិទ្ធិមនុស្ស​នេះ​កើតឡើង​តាំងពី​មុន​ការធ្វើ​រដ្ឋប្រហារ​យោធា​មកម្ល៉េះ​។ ជាងនេះទៀត​នោះ នៅតាម​ឧស្សាហកម្ម​នេសាទ និង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ក៏មាន​ការរំលោភ​សិទ្ធិមនុស្ស​ខ្លាំងក្លា​ណាស់ដែរ​។ ការអនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​នៅមានកម្រិត គាប​ជួន​បញ្ហា​ពុករលួយ​យារ​យី​ផង​នោះ​។​ ​ប្រទេស​ថៃ​បាន​ច្រានចោល​របាយការណ៍​លើកឡើង​ស្តីអំពី​រំលោភសិទ្ធិ​មនុស្ស​របស់​អាមេរិក ដោយ​និយាយថា វា​ប្រាសចាក​ពី​ការពិត​ឆ្ងាយ​ពេក​។ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​អាមេរិក លោក Vijavat Isarabhakdi បាន​ថ្លែងថា របាយការណ៍​នេះ​មិន​ស្របទៅនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ថៃ​នោះឡើយ ។​ ​

ម៉ាឡេស៊ី​ក៏​ជា​ប្រទេស​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​រំលោភ​សិទ្ធិមនុស្ស​ខ្លាំងក្លា​ណាស់ដែរ​។ ក្រុមហ៊ុន​ជ្រើស​រើ​ល​ពលករ​ភាគច្រើន​លក់​មនុស្ស​ឲ្យ​ទៅ​ពួក​អ្នករត់ពន្ធ ហើយ​ពួក​អ្នករត់ពន្ធ​លក់​បន្ត​ឲ្យ​ទៅធ្វើ​កសិកម្ម នេសាទ និង​ផ្ទះបន ។ នៅពេលដែល​អ្នកទទួល​រង​ការរំលោភ​សិទ្ធិ​ទាំងនោះ​រត់គេច ហើយ​ត្រូវ​អាជ្ញាធរ​ចាប់បាន​នោះ ពួកគេ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ រហូតដល់​១​ឆ្នាំ​ក៏មាន ។

ជនរងគ្រោះ​ទាំងនោះ​មិន​ស្ថិតនៅក្រោម​កម្មវិធី​ការពារ​តាមច្បាប់​នោះឡើយ​។​ ​ចំណែក​ប្រទេស​វេ​ណេ​ស្ស៊ុ​យ​អេ​ឡា​ក៏​ស្ថិត​ក្នុងប្រទេស​ដែល​អាមេរិក​ចាត់ទុកថា បាន​រំលោភ​ទៅលើ​សិទ្ធិមនុស្ស​ខ្លាំងក្លា​ណាស់ដែរ​។ ប្រទេស​នេះ​មិនបាន​សរសេរ​ផែនការ​អនុវត្តន៍​ទប់ស្កាត់​ការរំលោភបំពាន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ឡើយ ៕