បាត់ពីផ្ទះ៥ថ្ងៃ ត្រូវបានគេប្រទះឃើញហើមស្អុយរលួយនៅជើងភ្នំខ្លាកូនថ្មី សមត្ថកិច្ច សង្ស័យថាជាអំពើធាតុកម្ម

0

បន្ទាយមានជ័យ ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដើររកបន្លែលើភ្នំប្រទះឃើញ ក្នុងសភាពហើមស្អុយរលួយ អាក្រាតកាយ នៅជើងភ្នំខ្លាកូនថ្មី ខាងត្បូងវិទ្យាល័យខ្លាកូនប្រមាណ ១០០០ម៉ែត្រ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងវេលា ម៉ោង១៖៤០ នាទីរសៀល ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ។

ក្រោយពីទទួលបានព័ត៌មានថាប្រជាពលរដ្ឋប្រទះឃើញសពភ្លាម លោក ស៊ី ឌី អធិការក្រុងសិរិសោភ័ណ អមដំណើរដោយ លោក ពៅ ខេមរា អធិការរងក្រុង ទទួលផ្នែកព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងផ្ទាល់តែម្តង។

តាមការបំភ្លឺពីស្ត្រីឈ្មោះ កៅ សឹង ត្រូវជាម្តាយបង្កើតជនរងគ្រោះបានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Dream សេរី ២០០៤ ពណ៌ខ្មៅ មិនចាំស្លាក់លេខ បានចេញពីផ្ទះតាំងពីល្ងាចម៉ោង ៣៖០០នាទី រសៀលថ្ងៃទី ២៤ ខែឧសភា ដោយបានប្រាប់គាត់ថាទៅលេងផ្ទះមិត្តភក្តិនៅ សង្កាត់ទឹកថ្លា លុះក្រោយមក មិនកូនរបស់គាត់ត្រលប់មកផ្ទះសោះ គាត់បានទាក់ទងតាមទូរស័ព្ទដែរ តែទាក់ទងមិនចូល ។ នៅថ្ងៃទី២៧ ខែឧសភា គាត់ជាម្តាយបានមកដាក់ពាក្យបណ្តឹង នៅអធិការក្រុងដើម្បីជួយតាមរកកូនរបស់គាត់ដែលបានបាត់ពីផ្ទះ ។ លុះរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក៏បានទទួលដំណឹងថា មានគេប្រទះឃើញសពកូនរបស់គាត់ស្លាប់នៅជើងភ្នំ ពេលគាត់ទៅដល់ក៏បានទៅមើលឃើញសពស្ថិតក្នុងសភាពហើមស្អុយ រលួយមើលមិនយល់ តែដោយសម្គាល់លើសម្លៀកបំពាក់ ទើបដឹងថាជាកូនរបស់គាត់ពិតប្រាកដមែន។ ម្តាយជនរងគ្រោះបានប្រាប់ទៀតថា កូនគាត់មានឈ្មោះ ភឿន ស៊ីមឿន អាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអបិល ក្រុងសិរីសោភ័ណ ជាមនុស្សភេទទី៣ ចូលចិត្តដើរលេងយប់ជាមួយមនុស្សភេទទី៣ ដូចគ្នា ។ រួមនិងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីមេម៉ាយម្នាក់ រស់នៅភូមិទឹកថ្លាផងដែរ។

លោក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ៖ ក្រោយពីពិនិត្យនៅកន្លែងកើតហេតុ បានរកឃើញដ៊ំថ្ម ២ដ៊ំ មានស្នាមប្រលាក់ឈាមក្បែរសាកសព ឃាតករអាចយកថ្មវាយលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ ។ ក្នុងនោះលោកបានឲ្យដឹងថា ជនរងគ្រោះ បានបាត់ម៉ូតូ ទូរស័ព្ទដៃ រួមនិងកាបូបលុយ ដោយយោងតាមការផ្តល់ចម្លើយពីម្តាយជនរងគ្រោះ។ តាមការសន្និដ្ឋានជំហានដំបូង លោកអធិការ បានដាក់ការសង្ស័យពីរករណី ផ្សេងៗគ្នា ៖ទី១ អាចជាអំពើឃាតកម្មគិតទុកជាមុន ទី២ អាចជាករណីរំលោភ ស្នេហាត្រីកោណ ព្រោះសពមានសភាពអាក្រាតកាយ ។
បន្ទាប់ពីពិនិត្យ និងកោសលវិច្ឆ័យរួចសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនដៃដល់សមត្ថកិច្ច កំពុងដុតដៃដុតជើង តាមវេកមុខឃាតករ ដើម្បីយកមកចាត់ការទៅតាមផ្លូវច្បាប់ ៕