មន្ត្រីបរិស្ថានខេត្តរតនគិរី ចាប់រថយន្តឡង់គ្រីស័រ កែច្នៃដឹកឈើ២គ្រឿង រួចដោះលែងវិញ ទុកតែឈើ៦២កំណាត់

0

ខេត្តរតនគិរី÷ ខាងមន្ត្រីបរិស្ថានចាប់រថយន្តឡង់គ្រីស័រកែច្នៃដឹកឈើបាន២គ្រឿង បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ទៅសមត្ថកិច្ចបរិស្ថាន ហើយឈើទាំងនោះ គឺឈ្មួញដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិអនុរក្សស្រុកអូរយ៉ាដាវ ខាងបរិស្ថាន បានចាប់ក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែងនៅចំណុចផ្លូវបំបែក ស្ថិតនៅក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រោយមកក៏បានដោះលែងវិញ។លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ ថា លោកគ្រាន់តែឮមន្ត្រីបរិស្ថានចាប់រថយន្តដឹកឈើបាន២គ្រឿង ហើយមិនទាន់ឃើញរបាយការណ៍ណាមួយបញ្ជូនមកឲ្យទេ ហើយការចាប់នឹងដោះលែងនោះក៏លោកមិនបានដឹងដែរ។

លោក ជា ពេជ្រ បានបន្តថា ហើយមួយវិញទៀតការដោះលែងរថយន្តដឹកឈើនោះ សារព័ត៌មានបានតេរាយការណ៍មកថា មានករណីមន្រ្តីបរិស្ថានបានដោះលែងរថយន្តដឹកឈើ២គ្រឿងទាំងនោះ ចំណែកខាងមន្ត្រីបរិស្ថានមិនបានរាយការណ៍ថា បានចាប់រថយន្តដឹកឈើ២គ្រឿងនៅចំណុចខាងលើនោះដែរ ហើយមិនបានលាយលាក់ជាអក្សនោះទេ រួចហើយលោកមិនទាន់ធ្វើការកោះហៅមន្ត្រីបរិស្ថានទាំងនោះនៅឡើយទេ មន្ត្រីនគរបាលយុត្តិធម៌ គឺមានករណីបង្ក្រាបបទល្មើសត្រូវតែរាយការណ៍មក ឬក៏មានការយឺតយ៉ាវក្នុងការរាយការណ៍មក ហើយលោកមិនទាន់ធ្វើអីទេ ក្នុងការកោះហៅមកសួរនាំ ក្នុងករណីដោះលែងរថយន្តដឹកឈើ២គ្រឿងនេះ មិនទាន់អញ្ជើញមកសួរនាំនៅឡើយដែរ។

ជុំវិញករណីចោទប្រកាន់ខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចុចមិនអាចទំនាក់ទំនងបាន៕ យក្ខឡោម