អង្គការកម្ពុជាដើម្បីស្រ្តីមានវិបត្តិបានប្រារព្វទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៩ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ខួបលើកទី១៧និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨

0

សៀមរាប៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះនៅសាលាអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប អង្គការកម្ពុជាដើម្បីស្រ្តីមានវិបត្តិបានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គម” និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា២០១៨ លោក អ៊ីម ផល្លី ប្រធានគ្រប់គ្រងតំបន់របស់អង្គការកម្ពុជាដើម្បីស្រ្តីមានវិបត្តិ បានលើកឡើងថា អង្គការរបស់លោកតែងតែប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ លើកកម្ពស់ការគោរពសិទ្ធកុមារ និងជម្រុញការផ្សព្វផ្សាយសិទ្ធកុមារឱ្យកាន់តែទូលំទូលាយ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារកុមារពីការរំលោភបំពាន គ្រប់រូបភាព និងជួយជម្រុញឱ្យកុមារទាំងអស់ហ៊ានប្រើប្រាស់សិទ្ធទាំងបួនរបស់ពួកគេឱ្យបានពេញលេញ និងជាសកល។
លោកស្រី ចាន់ រ៉ុន អភិបាលរងស្រុកក្រឡាញ់ខេត្តសៀមរាបបានមានប្រទេសកម្ពុជាបានឆ្លងកាត់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាជន កុមាររាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់ ។ កុមារកម្ពុជាជាច្រើននាក់ បានស្លាប់ដោយសារកង្វះអាហារ និងគ្មានថ្នាំព្យាបាល កុមារខ្លះទៀតរស់នៅដោយក្តីលំបាកវេទនា ព្រាត់ប្រាស់ឪពុកម្តាយ រងទារុណកម្ម អំពើហឹង្សា និងត្រូវបានគេបង្ខំឲ្យធ្វើការដូចទាសករ ។ ចាប់តំាងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ប្រទេសកម្ពុជាយើងត្រូវបានរួចផុតពីរបបកាប់សម្លាប់ ប៉ុល ពត ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នបានខិតខំកសាងប្រទេសជាតិឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ជាពិសេសសិទ្ធិកុមារកម្ពុជា ត្រូវបានលើកកម្ពស់ ។ អត្រាមរណៈភាពរបស់កុមារមានការថយចុះ ការចុះឈ្មោះចូលរៀនមានការកើនឡើង ថែមទំាងទទួលបានសិទ្ធិជាមូលដ្ឋានទំាងបួនរបស់កុមារដូចជា៖ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។
លោកស្រីបានបន្តថា បើចង់ឲ្យទំពាំងស្នងឬស្សីទៅបាន លុះត្រាតែទំពាំងទាំងនោះគឺជាទំពាំងល្អប្រកបដោយជីវជាតិ ហេតុដូច្នេះយើងត្រូវតែ នាំគ្នាថែទាំដាក់ជី ជ្រោយដី និងស្រោចទឹកវាឲ្យល្អ ទើបអាចស្នងទៅជាឬស្សីបានល្អ។

លោកស្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តចិញ្ចឹមបីបាច់ថែរក្សា អប់រំ និងធ្វើពលកម្មគ្រប់បែបយ៉ាង ប្រកបដោយព្រហ្មវិហារធម៌ របស់មាតាបិតា អង្គការមិនមែនរដ្ឋាភិបាល អង្គការដៃគូរអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ចំពោះបុត្រធីតា និងសិស្សានុសិស្សរបស់យើង ៕