គំនរឈើស្រឡៅ កកោះ សុក្រម ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបានជិត៥០ កំណាត់ នៅស្រុកកូនមុំ..!

0

ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើបីកន្លែងដាច់ដោយឡែកពីគ្នា ជាប្រភេទឈើស្រឡៅ កកោះ នឹងសុក្រម ដែលមានមុខកាត់ឡាំងឃ្លុំបួនជ្រុង ៤០.៥០.៦០ ម៉ែត្រ ប្រវែង ៣ម៉ែត្រ ទៅដល់៦ ម៉ែត្រ ចំនួន៤៣ កំណាត់ ដែលឈ្មួញបានដឹកយកមកលាក់ទុកនៅក្នុងព្រៃក្បែរក្រុមហ៊ុន៩៥ ចាស់ ជាយូខែមកហើយត្រូវបានបែកការ ។

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។

ប្រតិបត្តិការកម្លាំងចម្រុះចុះបង្ក្រាបឈើខាងលើនេះ រួមមាន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក កម្លាំងយោធាស្រុក កម្លាំងអធិការនគរបាលស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល នឹងកម្លាំងជំនាញរដ្ឋបាលព្រៃឈើលំផាត់ ដោយមានការសម្របសម្រួលពីលោក បូរ៉ា រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានគំនរឈើជាច្រើនកន្លែងដែលក្រុមឈ្មួញបានយកមកលាក់ទុកក្នុងព្រៃមិនទាន់បានដឹកចេញនេះ ហើយអ្នកសារព័ត៌មានបានដើរជួបប្រទះឃើញឈើទាំងនេះពិតប្រាកដមែន ក៏សុំយោបល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តឲ្យចុះបង្ក្រាបភ្លាមៗផងដែរ ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ឈើទាំងនោះ ត្រូវបានគេស្គាល់ឈ្មោះ គឿង ភេទប្រុស ជាឈ្មួញឈើដុះស្លែជាយូឆ្នាំមកហើយដែរ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងអាជ្ញាធរស្រុកទាំងនោះ ចាប់បានម្តងណាឡើយ បើមិនបានផលប្រយោជន៍ពីបទល្មើសព្រៃឈើទេនោះ គេនឹងចុះបង្ក្រាបភ្លាម មិនឲ្យទុកយូទេ ។

បច្ចុប្បន្នឈើទាំងនោះ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើលំផាត់ បានដឹកជញ្ជូនយកមករក្សាទុកជាបណ្តោះអាសន្ន នៅបរិវណអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីរងចាំដឹកបន្តមកផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដោយសារស្ថានភាពផ្លូវពិបាកក្នុងដឹកជញ្ជូនឈើទាំងនោះ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបឈើចំនួន៤៣ កំណាត់នេះ សមត្ថកិច្ចបានរារែកក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ សំអាងថាផ្លូវពិបាកក្នុងការដឹកជញ្ជូនឈើចេញ ហើយ ដោយសារមានសម្ពាធពីថ្នាក់លើខ្លាំងក៏បង្ខំចិត្តចុះបង្ក្រាបតែម្ដង៕ យក្ខឡោម