អតីតអ្នកគាំទ្របក្សសង្រ្គោះជាតិ ក្នុងស្រុកអូរយ៉ាដាវ បន្តប្រកាសចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

0

ខេត្តរតនគិរី÷ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ១៦០ នាក់ មកពីឃុំប៉ាតេ និងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលកន្លងមកជឿតាមការញុះញង់របស់គេអោយគាំទ្របក្ស ១នេះ បានស្ម័គ្រចិត្តសម្រេចចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីហើយនៅថ្ងៃទី២៣ ខែមិថុនានេះ ដោយពួកគាត់បានយល់ឃើញថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ទើបអាចអភិវឌ្ឍន៍ភូមិ ឃុំរបស់ពួកគាត់បាន ។

ថ្លែងក្នុងឱកាសប្រកាសទទួលស្គាល់ជាផ្លូវការណ៍នាពេលនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានស្វាគមន៍ចំពោះការរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយការចូលរួមនេះ គឺជាការគិតដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់​ ដែលពុំបានជឿតាមការញុះញង់របស់ក្រុមក្បត់ជាតិ ។

ជាមួយគ្នានោះដែរ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីរូបនេះ បន្តថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ និងស្ថានភាពបច្ចុប្បន្ន គឺបានដឹងហើយថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរួមរស់ជាមួយ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយគណបក្សប្រជាជនកម្ពុជា បានរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ​ ។

​បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំអោយជឿតាមការញុះញង់ មិនឲ្យចេញទៅបោះឆ្នោតរបស់ក្រុមអគតិមួយចំនួន ដែលចង់យកវេទិកានេះ សម្រាប់រារាំងការអភិវឌ្ឍ និងដាក់សម្ពាធលើរដ្ឋាភិបាលស្របច្បាប់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ទាំងអស់គ្នានាថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ​ ។

តាមរយៈនៃការប្រកាសទទួលស្គាល់នេះ សមាជិកទាំងអស់​ ក៏បានប្តេជ្ញាចិត្ត ដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់បក្សប្រជាជនកម្ពុជា គោរពតាមគោលនយោបាយបក្ស និងបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ ៕ យក្ខឡោម