នារីម្នាក់ ត្រូវជនសង្ស័យ២នាក់ ប្រើកាំបិតភ្ជង់ប្លន់ យកមាស៣តម្លឹង និងប្លាទីន១តម្លឹងទៅបាត់ដោយសុវត្ថិភាព

0

ខេត្តរតនគិរី÷ ជនសង្ស័យមានគ្នាពីរនាក់ ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ បានយក កាំបិតចុងស្រួច ប្រវែងប្រហែល៤០សង់ទីម៉ែត្រ ភ្ជង់កនារីម្នាក់ ហើយគំរាមដោះយកខ្សែក និងចាក់សោទូយកគ្រឿងអង្ការអស់ចំនួនបីតម្លឹងមាស និងមួយតម្លឹងប្លាកទីនផងដែរ។

លោក តេង សាវុធ អធិការរងក្រុងបានលុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ អាន ចន្ធី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើម្ហូបការ រស់​នៅ​ក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានរៀបរាប់ថា នៅវេលាម៉ោង៦នឹង១៣នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ ខណៈដែលគាត់(ជនរងគ្រោះ)កំពុងនៅផ្ទះម្នាក់ឯង ស្រាប់តែមាន​ជនសង្ស័យមានគ្នាពីរនាក់ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ បានយកកាំបិតចុងស្រួច ប្រវែងប្រហែល៤០សង់ទីម៉ែត្រ មក​ភ្ជង់គាត់ ហើយគំរាមដោះយកខ្សែក និងចាក់សោទូយកគ្រឿងអង្ការអស់មាស៣តម្លឹង​និងប្លាកទីន១តម្លឹង។

លោក តេង សាវុធ បន្តថា គ្រឿងអលង្ការ ដែលជនសង្ស័យប្លន់យកទៅនោះរួមមាន ៖ ខ្សែកមាស ១ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់១តម្លឹង ចិញ្ចៀនត្រាមាស១វង់តម្លឹង និងកងដៃធ្វើអំពីប្លាកទីន២ឈុត១៦កងស្មើ១តម្លឹង ប្រាក់រៀលចំនួន ៣៥០.០០០រៀលផងដែរ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនចេញតាមទ្វារក្រោយបាត់។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការក្រុងបានលុង និងកម្លាំងប៉ុស្ដិ៍ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជន​សង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ យក្ខឡោម