ឯកឧត្តមសុខលូសំណេះសំណាលជាមួយក្រុមការងារចុះជួយក្រុងស្ទឹងសែន ប្រមាណជាង ៧០០នាក់

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារចុះជួយក្រុងស្ទឹងសែន ប្រមាណជាង ៧០០នាក់ នៅភោជនីយដ្ឋាន ឡូវ គឹមសេងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

ក្នងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយភូមិ សង្កាត់ ក្នុងក្រុងស្ទឹងសែនទាំងអស់ ដែលបានខិតខំអស់កម្លំាងកាយចិត្ត ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ធំទាំងមូល ជាពិសេសគណបក្សក្រុងស្ទឹងសែនទទួលបានជ័យជំនៈដ៏ធំធេង ដែលជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ធំ។ ហើយជ័យជំនៈនេះមិនមែនបានមកដោយសារអ្នកណាម្នាក់ទេ គឺបានមកដោយសារការខិតខំរបស់យើងទាំងអស់គ្នា មានការសហការគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុង បានល្អ។ ម្យ៉ាវិញទៀត បងប្អូនយើងទាំងអស់នៅតាមបណ្តា ភូមិ សង្កាត់ ក្នុងក្រុងស្ទឹងសែន ក៏ដូចជាក្នុងខេត្តកំពង់ធំទាំងមូល សូមកុំបែងចែកបងប្អូនប្រជាពលរដ្ឋ កុំលាបព័ណ៌គ្នា ថាម្នាក់នេះ បានទៅបោះឆ្នោត ម្នាក់នោះមិនបានទៅបោះឆ្នោត ម្នាក់នោះគាំទ្រគណបក្សនេះ ម្នាក់នោះគាំទ្រគណបក្សនោះ កុំលាបព័ណ៌គ្នាឲ្យសោះ ព្រោះការបោះឆ្នោត បានបញ្ចប់ប្រកបដោយភាពជោគជ័យ ដូច្នេះ ត្រូវធ្វើយ៉ាងណា ឲ្យបងប្អូននៅក្នុងភូមិ សង្កាត់របស់យើង ចេះរួមរស់សាមគ្គីគ្នា ចេះស្រលាញ់គ្នា មិនមានការរើសអើងនិន្នាការនយោបាយឡើយ ក្នុងនាមអ្នកភូមិផងរបងជាមួយគ្នា ជាឈាមខ្មែរតែមួយ។

ឯកឧត្តមបន្ថែមទៀតថា ប្រជាពលរដ្ឋបានផ្តល់នូវការទុកចិត្តធំធេងណាស់ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ដែលជាមន្ត្រីរបស់គណបក្ស ត្រូវខិតខំធ្វើអំពើល្អឲ្យបានទ្វេរដង ចុះ មូលដ្ឋានជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាជនបន្តទៀត ធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាជនឲ្យកាន់តែល្អជាងមុនថែមទៀត នេះជាហើយជាតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ។

ក្នុងនោះឯកឧត្តមបញ្ជាក់ថា សម្រាប់ក្នុងក្រុងស្ទឹងសែននៅអាណត្តិទី៦នេះ បានកើនឡើងសម្លេងអ្នកគាំទ្រគណបក្សប្រជាជន ជាង ៦ពាន់សម្លេង ហើយយោងតាមរបាយការណ៍បណ្តោះអាសន្នរបស់ គ.ជ.ប បានបញ្ជាក់ថា ចំនួនប្រជាជនដែលបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេស មានចំនួន ៨៣,០២% ដោយឡែកនៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត មានចំនួន ៨០,៩៩% ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ចំនួន ៦៨.៦០% ដែលជាចំនួនអ្នកគាំទ្រដ៏ច្រើនលើសលប់សម្រាប់ខេត្តកំពង់ធំ៕ ដោយ ប៊ុន រដ្ឋា