មនុស្ស​១៩នាក់ បាន​លង់ទឹក​ស្លាប់​ និង៧៦នាក់ រងរបួសដោយសត្វអាសិរពិស​ ខណះ​ទឹក​ទន្លេ​មេគង្គ​ ​ចាប់ផ្ដើម​ស្រក​ចុះ

0

កំពង់ចាម : ខណៈពេលដែល ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម ទោះបីជាមានការស្រកថយចុះ បន្តិច ក៏ពិតមែន បើ​ចាប់​គិតត្រឹមថ្ងៃទី​០៤​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ទឹកនៅត្រឹមកម្ពស់១៥.៣២ម៉ែត្រ ដែល​ខ្ពស់​ជាង​ចំណុចប្រកាសអាសន្ន១៥.២០ម៉ែត្រ ពោលគឺរយៈពេល២៤ម៉ោងទឹកបានស្រកចុះជិត១តឹក។

បើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានឲ្យដឹងថា​ បើចាប់គិតពី អំឡុងពេលទឹកទន្លេមេគង្គ ចាប់ផ្ដើមហក់ឡើង រហូតមកដល់ពេលនេះ គឺមានមនុស្ស បានលង់ទឹកស្លាប់ ចំនួន១៩នាក់ហើយ ក្នុងនោះក៏មាន កុមារ​ចំនួន​០៨នាក់ទៀតផង ដោយឡែក មនុស្ស៧៦នាក់ ត្រូវរងរបួសដោយសត្វអាសិរពិស​ និង​ពស់​ចឹក​ ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ទាន់ពេលវេលា​។
របាយការណ៍​ ដដែល​បាន​បញ្ជាក់​ថា​ ចំពោះ​ផលប៉ះពាល់ដោយ​ជំនន់​ទឹកទន្លេមេគង្គ នៅទូទាំង ខេត្ត​កំពង់ចាម គឺមានចំនួន០៩​ លើ១០ក្រុង -ស្រុក ក្នុងនោះមានចំនួន៥៤ឃុំ-សង្កាត់​ ស្មើនឹង២៨៤ភូមិ ដែលមានពលរដ្ឋ ៣៧.៤៦១គ្រួសារ ដែល​បានលិចផ្ទះសម្បែង ចំនួន២៨.៦៦២ខ្នងផ្ទះ និងរុះរើផ្ទុះ ចំនួន​៦៩ខ្នង​ ព្រមទាំងលិចវត្ត និងវិហារ អិស្លាម ចំនួន៥៧កន្លែង សាលារៀន៨០កន្លែង មណ្ឌុលសុភាព០៦កន្លែង។​
ចំពោះ​ការ​ធ្វើដំណើរ​ត្រូវ​ជួប​ការ​លំបាក​ជាច្រើន​ ​ដោយ​លិចផ្លូវ ប្រវែង២៣៥.៩១៣ម៉ែត្រ ក្នុង នោះមាន ផ្លូវក្រាលគ្រួសក្រហម ប្រវែង១៩៨.១៩៤ម៉ែត្រ ផ្លូវបេតុង​ ប្រវែង៣៦.១៧៩ម៉ែត្រ និងផ្លូវ កៅស៊ូ ប្រវែង ១.៥៤០ម៉ែត្រ ព្រម​ទាំង​លិចស្ពាន១៧កន្លែង​ និង​លិចទំនប់​ប្រវែង​៤១.០៤២ម៉ែត្រ​។
ដោយឡែកដំណាំកសិផល រួមមាន ស្រូវ ពោត និងដំណាំផ្សេងៗ ត្រូវ​រងផលប៉ះពាល់​សរុប​ជាង៩ពាន់​ ​ហិកតា​ និង​រងការ​ខូចខាត​ចំនួន៣.២៣០ហិកតា។
ជាមួយនឹងវិធានការ ជួយសង្គ្រោះ អាជ្ញាធរ បានជម្លៀស ប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ចំនួន១៥កន្លែង ដែលមាន១.៤៤១គ្រួសារ​ ស្មើនឹង៤.៨៦៩នាក់ សត្វពាហនៈ៥.៦៥១ក្បាល ។ ក្នុងនោះ ក៏មាន មន្ត្រី សុខាភិបាល ចុះពិនិត្យសុខភាព ប្រជាពលរដ្ឋ នៅតាមទីទួលសុវត្ថិភាព ព្រមទាំងបានធ្វើការណែនាំ ឲ្យមានការរស់នៅស្អាត និងហូបចុកស្អាត គឺត្រូវទទួលទាន ទឹកដាំពុះ ចៀសវាងការឆ្លងមេរោគផ្សេងៗ ផងដែរ។
ជាមួយនឹង វិធានការ ការពារ និងកិច្ច អន្តរាគមន៍ ជួយសង្គ្រោះនេះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ បាន​គៀងគរ​នាំយកអំណោយ​មនុស្សធម៌​ ទៅចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ ព្រម​ទាំងបាន​ធ្វើការ អំពាវនាវ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល បណ្តាល ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស ត្រូវ​ប្រុងប្រយ័ត្ន ខ្ពស់​ ចំពោះ កុមារ ជនពិការ និងចាស់ជរា។ ជាង​នេះ​ទៅ​ទៀតនោះ​ គឺត្រូវ​ប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអសិរពិសនានាចឹក ក្នុងករណីបើមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់​ សម្រាប់ធ្វើការ ព្យាបាល ភ្លាមៗ​ ចៀសវាង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ៕