អភិបាល​ខេត្ត​កំពង់ចាម​ តែងតែចុះបំពេញការងារជាប់ជាប្រចាំ​ មិន​ថា​ថ្ងៃ​សៅរ៍​ ឬ​អាទិត្យ​ទេ

0

កំពង់ចាមៈ​ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យការផ្តល់សេវាធ្វើសៀវភៅការងារជូនកម្មករ កម្មការនី ចំនួន២២៨នាក់ នៅរោងចក្រ ឈាង លីខប ស្ថិត​ក្នុង​នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ​ ខេត្តកំពង់ចាម​។

លោកអភិបាលខេត្ត បានឲ្យដឹងថា​ ក្រោយពីទទួលបានការប្រតិភូកម្មអំណាច តាមរយៈអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានដាក់ចេញគោលនយោបាយ ចុះផ្តល់សេវាធ្វើសៀវភៅលក្ខណៈរូប និងបណ្ណ័ការងារ ជូនកម្មករកម្មការនីដោយផ្ទាល់ នៅតាមបណ្តារោងចក្រក្នុងខេត្តកំពង់ចាម។

លោក​បន្ត​ទៀតថា មន្ត្រី​ នៃអង្គភាពច្រកចេញចូលតែមួយ​ និងមន្ត្រីជួរក្រោយ​ នៃមន្ទីរការងារ​ បានរួមគ្នា​ ប្រឹងប្រែង​ ទទួលខុសត្រូវ​ ពន្លឿនការផ្ដល់សៀវភៅការងារ​ ជូនកម្មរ​ កម្មការីនី​ បន្ថយពីការធ្វើរាប់ខែ​ រាប់​សប្ដាហ៍​ មកនៅត្រឹម​រយៈ​ពេល​ ក្រោមមួយ​សប្ដាហ៍​ និង​ សរសេរអក្សរ​ដោយម៉ាស៊ីន​ computer ថែមទៀតផង​ដែរ។

ជាមួយគ្នានេះ លោកគួច ចំរើន បានកោតសសើរយ៉ាងខ្លាំងចំពោះមន្ត្រីអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយមន្ទីរការងារ ដែលបានចំណាយពេលវេលាថ្ងៃសៅរ៍ ដែលជាថ្ងៃឈប់សម្រាក ចុះមកធ្វើសៀវភៅការងារជូនកម្មករ កម្មការនីនាថ្ងៃនេះ។គួររំលឹកផងដែរថា ក្រោយពីប្រតិភូកម្មអំណាច តាមរយៈអនុក្រឹត្យលេខ១៨ អនក្រ.បក និងការបើកដំណើរការអង្គភាពច្រកចេញចូលខេត្តកំពង់ចាម រដ្ឋបាលខេត្តបានធ្វើសៀវភៅការងារបានចំនួន ១៦១០នាក់ហើយ៕