ឯកឧត្តម គួច ចំរើន លើកទឹកចិត្ត​ក្រុម​កីឡាករ​បាល់ទាត់​ ដែល​កំពុង​ធ្វើការ​​ហ្វឹកហាត់​ ​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាល្ងាច​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​លើកទឹកចិត្ត​និង​ប្រគល់​សម្ភារៈ​មួយ​ចំនួន​​ជូន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ ដែល​កំពុង​ធ្វើការ​ហ្វឹកហាត់​ ​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ទាំង​២២នាក់​ និង​គ្រូបង្វឹក​ ឲ្យ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​ហ្វឹកហាត់​ ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​កីឡាករ​ល្អ​ មាន​ជំនាញ​យ៉ាង​ពិតប្រាកដ​ និង​មាន​សុខភាព​រឹងមាំ​ផងដែរ​។
ឯកឧត្ដម​ អភិបាលខេត្ត​ បាន​ថ្លែង​បន្ត​ទៀត​ថា​ ការ​ចេញទៅ​ប្រកួត​ជា​មិត្តភាព​​នៅ​ប្រទេស​វៀតណាម​ នាថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ ឆាប់ៗខាងមុខនេះ​ ថ្វីត្បិត​តែ​មិន​មែន​ជា​ការ​ចេញទៅ​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​គ្នា​ក៏ពិត​មែន​ តែ​យើង​ត្រូវ​ធ្វើការ​​ហ្វឹកហាត់​លត់ដំ​ខ្លួន​ ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​កីឡាករ​ ដែល​មាន​សមត្ថភាព​ ក្នុង​ការ​​ដណ្ដើម​ជយលាភី​ ដើម្បី​លើក​មុខមាត់​ខេត្តកំពង់ចាម​ ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​ទាំង​មូល​ផង​ដែរ​។
ជាមួយ​ការ​ជួប​សំណេះសំណាល​នេះ​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏​បាន​ជូនពរ​ដល់​ក្រុម​កីឡាករ​ ព្រមទាំង​​ប្រគល់​ជូន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ និង​គ្រូ​បង្វឹក​ នូវ​សម្ភារៈ​ រួមមាន​ សម្លៀកបំពាក់​កីឡា​ ស្បែក​ជើង​ ទឹក​ផ្លែឈើ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​​ ៕