រដ្ឋបាលខេត្តរតនគិរី ប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធនឹងរាប់បាត្របង្សកូលថ្វាយ ព្រះរាជកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

0

(រតនគិរី)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត្របង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ព្រះវស្សាដែលព្រះអង្គបានយាងសោយទីវង្គត។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីររាជការ ព្រះសង្ឃ និងការចូលរួមពីប្រជាពលរដ្ឋក្នុងខេត្តរតនគិរី​ជាច្រើនរូបទៀត។

សូមរំលឹកថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គឺជាគម្រប់៦ព្រះវស្សា ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទីវង្គត
ចាកចោលប្រជារាស្រ្ត និងដែនដីសុវណ្ណភូមិជាទីស្នេហារបស់ព្រះអង្គ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នាទីក្រុងបេកាំងប្រទេសចិន។​ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជនរួមជាតិ ទាំងមូលសោកសៅជាទីបំផុត។

រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត្របង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរនាពេលនេះ គឺដើម្បីយាងព្រះវិញ្ញាណក្ខន្ធបានទៅសោយសុខនៅឋានបរមសុខកុំបីក្លាយជាបការដ៏ទៃឡើយ។ ហើយម្យ៉ាងទៀតការប្រារព្ធធ្វើឡើង គឺដើម្បីដឹងព្រះគុណ ព្រះបរមរតនកោដ្ឋ ដែលត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងស្នាព្រហ្មដ៏ទៃៗជាច្រើនទៀតផងដែរ៕ យក្ខឡោម