ឯកឧត្ដម​ គួច​ ចំរើន​ បាន​អញ្ជើញ​ស្ថាប័ន​ជំនាញ​ បើក​វេទិកា​សាធារណៈ​ ជុំវិញ​បញ្ហា​អាជីវកម្ម​ខ្សាច់​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ អស់​ក្តី​កង្វល់​

0

កំពង់ចាម​:​ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ មាន​ក្តី​កង្វល់​ជុំវិញ​បញ្ហា​បាក់​ច្រាំង​ទន្លេ​ ដោយ​សង្ស័យ​មកពី​មាន​ការ​ធ្វើ​អាជីវកម្ម​បូម​យក​ខ្សាច់​លក់​នោះ​ នាព្រឹក​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៨នេះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ឌិត​ ឌីណា​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និងថាមពល​ រួមនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ចូលរួម​បើក​វេទិកាសាធារណៈ ដើម្បីពិគ្រោះយោបល់ និងផ្សព្វផ្សាយដល់​បងប្អូន​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មខ្សាច់នៅតាមដងទន្លេមេគង្គលើ នៅឃុំរកាអារ និងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជា​៤០០នាក់​។
បើ​យោង​តាម​របាយការណ៍​ របស់​លោក​ ​មឿន​ ផា​ អភិបាល​ស្រុក​កងមាស​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​កងមាស​ គឺមាន​ក្រុម​ហ៊ុន​ និង​សហគ្រាស​ ចំនួន​៧​ ដែល​បាន​ធ្វើ​សកម្មភាព​បូម​យក​ខ្សាច់​លក់​ ដោយ​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​​​។ ​
ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ យើង​មិន​អាច​ហាមឃាត់​ទឹក​ទន្លេ​មិន​ឲ្យ​ឡើង​ ឬក៏​ហាមឃាត់​មិន​ឲ្យ​មាន​ការ​បាក់​ច្រាំងបានដែរ​ ប៉ុន្តែ​យើង​អាច​រិះរក​មធ្យោបាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ ដោយ​មាន​ស្ថាប័ន​ជំនាញ​ចុះ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​។ បន្ទាប់​ពី​ស្តាប់​ការ​ធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេស និងមូលហេតុដែលក្រសួងចេញអាជ្ញាបណ្ណជូនក្រុមហ៊ុន ក្នុងការបូមស្ដារបាតទន្លេ ដើម្បីសម្រួលចរន្តទឹកហូរ​ ​ឲ្យ​ចំកណ្ដាលទន្លេ ដើម្បី​បញ្ចៀស​ការ​បាក់​ច្រាំង​ ​រួច​មក​ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ឡើង​​បញ្ចេញ​មតិយោបល់​ ដោយ​មាន​ការ​យល់​ស្រប​ និង​អស់​ក្តី​កង្វល់​ផងដែរ​។
ជាមួយគ្នានោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ចុះ​ពិនិត្យ​កំពង់ចំលង​ស្វាយ​ស្រណោះ​ ដោយ​កំណត់​ត្រឹម​ថ្ងៃ​ទី​៣០​ ខែតុលា​ នេះ​ គឺឲ្យ​ម្ចាស់​អាជីវកម្ម​ កំពង់ចំលង​ ធ្វើ​យ៉ាងណា​ ត្រូវ​សម្រួល​ផ្លូវ​ចុះ​កំពង់ចំលង​ឲ្យបាន​ស្រួល​ ចៀសវាង​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ​ជាដាច់ខាត​ ហើយ​ឯកឧត្ដម​ក៏បាន​បន្ត​ដំណើរ​ដោយ​ស្មើជើង​ប្រមាណ​ជាង​៣គីឡូម៉ែត្រ​ ដើម្បី​ចុះ​ពិនិត្យ​តាម​ដង​ទន្លេ​មេគង្គ​ផងដែរ​។
ដោយ​ឡែក​ នារសៀល​ថ្ងៃទី១៨ ខែតុលា ដដែលនេះដែរ​ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង​ឯកឧត្ដម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល រួមនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​អញ្ជើញ​បើកវេទិកាសាធារណៈ ដើម្បីពិគ្រោះយោបល់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មខ្សាច់តាមដងទន្លេមេគង្គលើ ស្ថិតនៅ​ក្នុង​ឃុំពាមជីកង និងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានការចូលរួមពី​បងប្អូន​ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះប្រមាណជាង៣០០នាក់​ ដោយ​មាន​ការ​បញ្ចេញ​មតិ​យោបល់​ និង​ការ​បកស្រាយ​ពី​ស្ថាប័ន​ជំនាញ​ ហើយ​ក៏មាន​ការ​យល់​ជ្រាប​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​ បន្ទាប់​មក​ឯកឧត្ដម​អភិបាលខេត្ត​ ក៏បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការ​បាក់​ច្រាំង​ទន្លេ​​​ នៅ​ក្រោយ​វត្ត​រកាគយ​ ដើម្បី​រក​វិធី​ជួសជុល​ឡើង​វិញ​​ ៕