0

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានអនុញាតិឱ្យគណៈប្រតិភូសាកលវិទ្យាល័យអប់រំអាយជិ ប្រទេសជប៉ុន ដឹកនាំ ដោយលោកស្រី ហ្គូតូហ៊ីតូមី (GOTO HITOMI) សាកលវិទ្យាធិការ ចូលជួបសម្តែងការគួរ សម និងរាយការណ៍ជូនអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញការងារ នៅព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី ហ្គូតូហ៊ីតូមី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលបានចំណាយពេលដ៏មានតម្លៃ អនុញាតិឱ្យលោកស្រី និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលការងារនៅពេលនេះ ។

លោកស្រី ក៏បានសម្តែងនូវទឹកចិត្តរីករាយកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ព្រោះនេះគឺជាលើកទី៣ ហើយដែលលោកស្រី មកកាន់កម្ពុជា ។
លោកស្រី ហ្គូតូហ៊ីតូមី បានមានប្រសាសន៍ជម្រាបជូនអំពីការងាររបស់សាកលវិទ្យាល័យអប់រំអាយជិ គឺការសិក្សាស្រាវជ្រាវទៅលើកុមារកម្ពុជា អំពីការផ្តល់នូវអាហារូបត្ថម្ភ និងការលូត លាស់របស់គេ ។ លោកស្រី ក៏បានសំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការ បញ្ជូនគ្រូ ទៅសិក្សាអំពីគរុកោសល្យនៅសាកលវិទ្យាល័យអប់រំអាយជិ ផងដែរ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញមានប្រសាសន៍ឆ្លើយតប ដោយបានថ្លែងអំណរ គុណចំពោះលោកស្រី ហ្គូតូហ៊ីតូមី និងគណៈប្រតិភូ ដែលបានជួយកម្ពុជា លើការងារផ្តល់នូវអាហារូបត្ថម្ភ និងការលូតលាស់របស់កុមារនេះ ។

ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ជូនផងដែរថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកំណែទម្រង់ ចំនួន៤គឺ ៖ យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំ, យុទ្ធសាស្ត្រកំណែទម្រង់ឧត្តមសិក្សា, យុទ្ធសាស្ត្រកំណែទម្រង់ការអភិវឌ្ឍន៍យុវជន និងយុទ្ធសាស្ត្រកំណែទម្រង់អភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ។ ចំពោះសំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជា គិតគូរបញ្ជូនគ្រូឱ្យទៅសិក្សាគរុកោសល្យនៅសាកលវិទ្យា ល័យអប់រំអាយជិ នោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជូនភារៈទៅ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ធ្វើទំនាក់ទំនង និងរាយការណ៍ជូនរាជរដ្ឋាភិបាល ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានជូនពរលោកស្រី ហ្គូតូហ៊ីតូមី និងគណៈប្រតិភូ ស្នាក់នៅបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ សុវត្ថិភាព និងភាពរីករាយ ក៏ដូចជាដំណើរមាតុភូមិនិវត្តទៅកាន់ប្រទេសជប៉ុនវិញផងដែរ ។