មន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី កំពុងចងក្រងឯកសារផ្លូវការប្រវត្តិជនជាតិដើមភាគតិចតាមក្រុមកុលសម្ព័ន្ធ ដើម្បីរក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយ

0

មណ្ឌលគិរី៖ ជនជាតិដើមភាគតិចចំនួន៦ក្រុមកុលសម្ព័ន្ធផ្សេងគ្នា ក្នុងចំណោម១០ក្រុមកុលសម្ព័ន្ធ ដែលបានរស់នៅលើទឹកដីខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រៀបចំចងក្រងឯកសារផ្លូវការទាក់ទងនិងប្រវត្តិរបស់ខ្មែរលើ ឬជនជាតិដើមភាគតិច ដោយការចងក្រងប្រវត្តិរបស់ជនជាតិដើមទាំងនេះ ក្នុងបំណងអភិរក្សប្រពៃណីរបស់ពួកគេឲ្យគង់វង្សសម្រាប់ប្រជាជាតិ និងសម្រាប់ក្រុមជនជាតិដើមសម្រាប់ក្មេងជំនាន់ក្រោយមិនបានស្គាល់អំពីអត្តសញ្ញាណដើមរបស់ខ្លួន ។

លោក សី ទូច ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានអោយដឹងថាការចងក្រងឯកសារស្ដីពីប្រវត្តិរបស់ជនជាតិដើមទាំង៦កុលសម្ព័ន្ធនេះ គឺបានបញ្ចប់ជាស្ថាពរហើយ និងបានឆ្លងតាមរយៈសិក្ខាសាលាដែលមានជំនាញពាក់ព័ន្ធចូលរួមទៀតផង ដូច្នេះគឺរងចាំតែការបោះពុម្ពជាសៀវភៅប៉ុណ្ណោះ ។

លោកថា​ ជនជាតិដើមទាំង៦កុលសម្ព័ន្ធ ដែលត្រូវបានសិក្សាយកមករៀបចំជាឯកសារនេះរួមមាន ព្នង ក្រោល ថ្មូន រអូង ចារ៉ាយ និង ស្ទៀង ហើយចំណែកជនជាតិដើមចំនួន៤កុលសម្ព័ន្ធទៀត រួមមាន គ្រឹង ទំពួន  គួយ និងរដែរ ព្រោះជនជាតិដើមទាំង៤នេះ តាំងពីដើមមកគឺមិនមានវត្តមានរស់នៅខេត្តមណ្ឌលគិរីច្រើននោះទេ ពោលគឺមានចំនួនតិចតួចបំផុត និងមានរស់នៅច្រើន ក្នុងខេត្តរតនគិរី ព្រះវិហារ និងកំពង់ធំ ជាដើម ដូចនេះគឺផ្ដល់អទិភាពឲ្យមន្ទីរជំនាញតាមបណ្ដាខេត្តទាំងនោះជាអ្នកសិក្សាស្រាវជ្រាវ។

លោកប្រធានបញ្ជាក់បន្ថែមថា ការរៀបចំឡើងនៅប្រវត្តិរបស់ខ្មែរលើ ឬជនជាតិដើមភាគតិចទាំងនេះ នឹងឆ្លុះបញ្ចាំងទាំងស្រុងអំពីប្រវត្តិនៃការរស់របស់ពួកគេតាំងពីយូរលង់មក និងរបៀបនៃការរស់នៅប្រចាំថ្ងៃ ដូចជា ការអាស្រ័យផល ការសាងសង់ផ្ទះ ការរៀបអាពាហ៍ពិពាហ៍ ការប្រតិបត្តិជំនឿសាសនា ការប្រកបរបរចិញ្ចឹមជីវិត និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ទាំងអស់តែម្ដង ។លោកបន្តថា ក្រោយការបោះពុម្ពជាសៀវភៅអំពីប្រវត្តិនៃជនជាតិដើមទាំង៦រួចហើយ នឹងមានចែកជូនដល់មន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗ អង្គការដៃគូ សិស្សានុសិស្ស ជាពិសេសជនជាតិដើមភាគតិចផ្ទាល់តែម្ដង ។

ការចងក្រងឯកសារផ្លូវការទាក់ទងនិងប្រវត្តិរបស់ខ្មែរលើ ឬជនជាតិដើមភាគតិច នឹងធ្វើឡើងនៅដើមឆ្នាំ២០១៩នេះ ហើយការងារនេះក៏មិនទាន់បញ្ចប់នោះដែរ ដោយក្រោយពេលបោះពុម្ពជាសៀវភៅហើយ មន្ទីរនឹងខិតខំបន្ថែមទៀតនៅជំហានបន្ទាប់ ដើម្បីចងក្រងជាខ្សែវីដេអូតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋ នឹងក្មេងជំនាន់ក្រោយបានជ្រាបកាន់តែច្បាស់អំពីសកម្មភាពនីមួយៗនៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច ឬខ្មែរលើ នៅក្នុងខេត្តមណ្ឌលគិរី ។ សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ត្រីជំនាញ ក្រុមជនជាតិខ្មែរដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី មានចំនួន១០ក្រុម ហើយផ្អែកតាមតួលេខឆ្នាំ២០១៦ ពួកគេកំពុងរស់នៅក្នុងខេត្តមណ្ឌលគិរី ចំនួនជាង៣ម៉ឺន៥ពាន់នាក់ ៕ ដោយ រដ្ឋា