មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានជម្រុញដល់មន្ទីរជំនាញ ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ឲ្យបានឆាប់

0

ខេត្តរតនគិរី៖  ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាងដ៏ខ្អង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងជម្រុញអោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី ដែលជាសេនាធិការអោយអាជ្ញាធរខេត្ត ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេលសល់ តាមគ្រប់យន្តការ រួមមានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី គណកម្មាធិការសុរិយាដី នគរូបនីយកម្ម និងសំណង់ ដើម្បីភាពសុខដុមរមនាក្នុងសង្គម ដោយបន្ដរចូលរួមអនុវត្តកាន់តែសកម្មលើកម្មវិធីកំណែទម្រង់សុីជម្រៅស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៥ នៃរាជរដ្ឋាភិបាល ។ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងជម្រុញបែបនេះ ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងនោះដែលឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរជំនាញ ត្រូវចុះសិក្សាគាំទ្របច្ចេសទេស និងវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីសំណង់ និងបទដ្ឋានគតិយុត្តគាំទ្រការងាររៀបចំនរគរូបនីយកម្ម សំណង់ លំនៅដ្ឋាន សុរិយោដី និងការគ្រប់គ្រង ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាដើម ។ឯកឧត្តម យឹម ផែន ក្នុងនាមគណៈអភិបាលខេត្ត បានមានប្រសាសន៍ បានផ្តល់នូវអនុសាសន៍ដើម្បីរួមចំណែកក្នុងទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី រួមមាន ទី១.ការងារសុរិយោដី៖ សុំពន្លឿនលើការងារចុះបញ្ជីដីធ្លី ចុះបញ្ជីដីរដ្ឋ ដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ដោយធ្វើការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំស្រុកនៃតំបន់វិនិច្ឆ័យ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ទី២ ឯកឧត្តមអភិបាលរងខេត្តសុំពន្លឿនលើការងារលំនៅដ្ឋាន សុំឲ្យបន្តតាមដាន ត្រួតពិនិត្យ និងធ្វើស្ថិតិប្រជាពលរដ្ឋដែលបានមករស់នៅ ធ្វើកាន់កាប់ដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងស្រុកកូនមុំ ព្រមទាំងបន្តការសិក្សាស្រាវជ្រាវប្រជាពលរដ្ឋដែលខ្វះដី គ្មានដី និងមានតម្រូវការដីពិតប្រាកដដើម្បីសាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ ។ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្ត ស្នើរឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងបន្តរខិតខំយកចិត្តទុកដាក់លើការងារត្រួតពិនិត្យសំណង់ និងលក្ខណៈបច្ចេកទេសសំណង់ ព្រមទាំងសោភណ្ឌភាព សណ្តាប់ធ្នាប់នៃសំណង់ និងបន្តត្រួតពិនិត្យសំណង់ខុសច្បាប់ ដោយផ្សារភ្ជាប់ជាមួយការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕ដោយ គតិ យុត្ត