លោកជំទាវ លាង ហៃ ជាវ តាយអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធីបំពាក់កន្សែងយុវជកាកបាទក្រហមកម្ពុជា

0

ខេត្តកំពត នៅព្រឹក ថ្ងៃព្រហស្បត្តិ៍ ១២ កើត ខែបុស្ស ឆ្នាំ ច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោកជំទាវ លាង ហៃ ជាវ តាយអនុប្រធានកិត្តិយសសាខាកាកបាទក្រហម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញ ជាអធិបតីក្នុង ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ចំនួនសរុប ១០០នាក់ និងមានការចូលរួម ដោយគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក មន្រ្តីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកឈូក សិស្សានុសិស្សវិទ្យាល័យនិងកងកម្លាំង សមត្ថកិច្ច ប្រមាណជា៦០០នាក់។

មានប្រសាសន៍នាឱកាសនោះ តាងនាមឯកឧត្តមជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត លោកជំទាវលាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខា បានលើកឡើងថា៖ ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រលងចេញ ឬត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ និង បានចាត់ទុកយុវជនជាធនធានគន្លឹះ ដែលមានតម្លៃខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម” ។

លោកជំទាវអធិបតី បានឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ និងសិស្សា នុសិស្សចូលរួមក្នុងពិធីនេះចំនួន៤២៧នាក់ និង លោកគ្រូ អ្នកគ្រូ២៧នាក់ក្នុងម្នាក់ៗ ១មឺនរៀល សរុប ៥,៥៤០,០០០រៀល។