ពលរដ្ឋ​ក្នុង​ស្រុក​ព្រៃឈរ​ ទទួល​បាន​ ផ្លូវចាក់កៅស៊ូ ប្រភេទDBST និង​ផ្លូវ​បេតុង​ ២ខ្សែ​ប្រវែង១២.៩០០ម៉ែត្រ

0

កំពង់ចាម​: ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្ដម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បាន​អញ្ជើញ​ចុះបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ បេតុងពីរខ្សែប្រវែង ១២.៩០០ម ខ្សែ​ទី១មានប្រវែង ៦.០០០ម ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧​ ស្ថិតនៅក្នុង ភូមិមៀន​ ដល់ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខ្សែ​ទី២​ មានប្រវែង​ ៦.៩០០​ ម៉ែត្រ​ ពីភូមិ​ ឃ្លោយទី៣​ ដល់ផ្លូវជាតិលេខ​ ៧០​ ភូមិ​អូរកណ្ដោល​ ឃុំព្រៃក្របៅ ស្រុក​កងមាស​ ខេត្តកំពង់ចាម ។

ឯកឧត្តម​ អភិបាលខេត្ត​ បានមានប្រសាសន៍ថា ផ្លូវ១ខ្សែ នេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺ​ មានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់វង្សទុកសម្រាប់ កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានសំណូមពរ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់បណ្តោយផ្លូវកំពុងបើកការដ្ឋាននៅថ្ងៃនេះ សូមមានការយោគយល់និងអធ្យាស្រ័យ ចូលរួមសហការជាមួយក្រុមការងារ​ បើមានការប៉ះពាល់ដល់ការសាងសង់ផ្លូវដូចជាការត្រួសត្រាយកាប់ដើមឈើ ឬប៉ះទៅលើរបងផ្ទះរបស់បងប្អូនជាដើម។​ ឯកឧត្តម​ អភិបាលខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពេលបានផ្លូវក្រាលកៅស៊ូស្អាតហើយ សូមនាំគ្នាជួយថែរក្សា ផ្លូវនេះឱ្យបានល្អ ហើយពេល ធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ​ ឯកឧត្តម​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាចាប់ពីទីក្រុងដល់ជនបទ ហើយនៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានទទួលនូវសមិទ្ធិផលថ្មីមួយទៀត គឺផ្លូវចាក់កៅស៊ូ​ ពីផ្លូវ​ជាតិលេខ​ ៧​ ភូមិមៀន​ ស្រុក​ព្រៃឈរ​ និង​ ផ្លូវ​បេតុង​ ចាប់ពី​ ភូមិ​ឃ្លោយទី​៣​ ដល់ផ្លូវជាតិលេខ​ ៧០​ ភូមិ​អូរកណ្ដោល​ ឃុំព្រែកក្របៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។

ឯកឧត្តម​ បណ្ឌិត​ បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ មានដូចជា ផ្លូវ ទឹក ភ្លើង ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដូច្នេះស្នាដៃរបស់សម្ដេចតេជោបានធ្វើឲ្យយុវជនជំនាន់ក្រោយមានការកោតសរសើរ និងចងចាំជានិច្ចចំពោះការដឹកនាំដ៏ប៉ិនប្រសព្វ ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកលូតលាស់បន្តទៅមុខទៀត។