គណៈកម្មាធិការ សសយកខេត្តក្រចេះ ផ្សព្វផ្សាយសេចក្តីសម្រេចនៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ និងបូកសរុបលទ្ធផលការងារ របស់ខ្លួនក្នុងឆ្នាំកន្លងទៅ

0

ក្រចេះ៖ គណៈកម្មាធិការ សសយកខេត្តក្រចេះ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ និងបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការ(សសយក)ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅសាលមហោស្របខេត្តក្រចេះ ។

ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សា ផែនការយុទ្ធសាស្ត្រដែលគ្រប់យន្តការត្រូវបន្តខិតខំអនុវត្តសម្រេចឲ្យបាន រាប់ទាំងអនុសាសន៍ មេរៀនដកពិសោធ និងចក្ខុវិស័យនៃការដឹកនាំជាតិមាតុភូមិ ប្រជាជនយុវជន និងមហាជនរបស់ថ្នាក់ដឹកនាំ សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹងពង្រីកសកម្មភាពការងារនៅតាមមូលដ្ឋានរបស់ខ្លួន លើកកម្ពស់ការយល់ដឹង ការអភិវឌ្ឍខ្លួនឯង និងការកសាងសុភមង្គលក្នុងក្រុមគ្រួសារ និងបានចូលរួមចំណែកនៅក្នុងការកសាងមូលដ្ឋានទាំងក្នុងក្របខណ្ឌ សេដ្ឋកិច្ច សង្គម វប្បធម៌ នវានុវត្តន៍ និងការលើកកម្ពស់កិត្យានុភាពជាតិក្នុងសម័យឧស្សាហូបនីយម្ម ឌីជីថលភាវូបនីយកម្ម សំដៅរួមគ្នាធ្វើឲ្យអនាគតកម្ពុជាកាន់តែប្រសើរឡើង។

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មានប្រសាសន៍ថា កន្លងមកនេះយុវជន យុវនារីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី និងអង្គភាពនានា ក្នុងបេសកកម្មសង្គមជួយដោះស្រាយ និងបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងយុវជន យុវនារី តួយ៉ាង ការបរិច្ចាគឈាម ការសហការចុះជួយពិនិត្យសុខភាពប្រជាពលរដ្ឋឥតគិតថ្លៃ ការចុះសួរសុខទុក្ខ និងការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលគ្រោះថ្នាក់ និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រមទាំងការរៀបចំការប្រកួតកីឡា ការចូលរួមរៀបចំបោះជំរំ ក្នុងព្រឹត្តិការណ៍៤០ទៅកាន់ប្រវត្តិសាស្ត្រ ក្រោមវត្តមានឯកឧត្ដមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីដើមឆ្នាំនេះជាដើម។

ឯកឧត្ដម វ៉ា ថន បន្តរថា យុវជនមិនត្រឹមតែ មានការួមចំណែកដោះស្រាយបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងប្រទេសជាតិប៉ុណ្ណោះទេ បច្ចុប្បន្ននេះ សហភាពសហព័ន្ធយុវជនកម្ពុជាគឺជាក្រុមដែលទទួលថាដើរធ្វើសកម្មភាពសប្បុរសធម៌ជួយពលរដ្ឋក្រីក្រជួយព្យាបាលមនុស្សដែលមិនប្រកាន់ពណ៌សម្បុរ ជាតិសាសនានិងជាក្រុមដែលតែងតែឃើញវត្តមានគ្រប់ទីកន្លែងដែលប្រជាពលរដ្ឋត្រូវការដើម្បីការជួយគ្រប់វិស័យនិស្ស័យគ្រប់ពេលវេលា ។យុវជនគឺជាទំពាំងស្នងឬស្សីនិងជាអ្នកបន្តវេនក្នុងការដឹកនាំកម្ពុជាបន្តវឌ្ឍនះភាព នាពេលអនាគត ។ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងជំរុញឲ្យទុកដាក់ទៅលើការសិក្សាទាំងផ្នែកចំណេះដឹងជំនាញការអប់រំផ្លូវកាយផ្លូវចិត្តដែលជាកត្តារួមផ្សំធ្វើឲ្យយុវជនជំនាន់ក្រោយក្លាយជាធនធានដ៏សំបូរបែបសំរាប់ការអភិវឌ្ឍន៍កម្ពុជានៅពេលអនាគត់ ។ម៉េង គាង