ក្រុមហ៊ុនហាទៀងវីហ្គាស ផ្តល់អំណោយដល់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច ខេត្តកំពត

0

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ក្រោមវត្តមានលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនហាទៀងវីហ្គាស ដឹកនាំដោយលោក គង់ ឌី ជំនួយការអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ហាទៀងវីហ្គាស ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត(ចំណុចច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក)។

អំណោយមនុស្សធម៌ទាំងនោះរួមមាន៖ ត្រីខ២០យូរ,មី២០កេស,និងអង្ករចំនួន២០បេ(១តោន)។ហើយអំណោយខាលើនេះគឺក្រុមហ៊ុនផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច សម្រាប់ចាត់ចែងតាមតម្រូវការចាំបាច់។

ក្នុងនាមកាកបាទក្រហមកម្ពុជា និងប្រជាជនក្នុងមូលដ្ឋាន លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកទៅដល់ប្រជាជនងាយរងគ្រោះគ្រប់ប្រភេទនៅតាមមូលដ្ឋាន តាមរយៈសកម្មភាពមនុស្សធម៌របស់កាកបាទ ក្រហម និងចាត់ទុកនេះជាទឹកចិត្តដ៏ធំធេងមួយរបស់ក្រុមហ៊ុន ដែលកន្លងមកតែងតែជួយលើការងារសង្គមជាច្រើនដោយគ្មានរើសអើង។

អនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហាទៀងវីហ្គាស ដែលជានិច្ចកាលតែងតែចូលរួមក្នុងការចែករំលែកគ្រប់សកម្មភាពនាពេលកន្លងមក៕