ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកស្នួល រថយន្តផ្ទុកលើសទម្ងន់ជាង៣០០គ្រឿង និងណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទកុំឲ្យផ្ទុកលើសទម្ងន់ដើម្បីរក្សាគុណភាពផ្លូវថ្នល់

0

ខេត្តក្រចេះ៖ មន្ត្រីជំនាញនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅគោលដៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវឱ្យម្ចាស់យានយន្តគ្រប់ប្រភេទដែលប្រើប្រាស់រថយន្តយន្តធន់ធំដឹកទំនិញត្រូវចូលរួមគោរពច្បាប់ដែលបានកំណត់គឺដើម្បីចូលរួមរក្សាគុណភាពផ្លូវថ្នល់ឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។

ការអំពាវនាវនេះគឺធ្វើឡើងកាលពីរសៀលថ្ងៃទី២០ខែមករាខណៈដែលមន្ត្រីជំនាញ  របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះប្រចាំនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចខាងលើ បានចាប់ឃាត់រយន្តធន់ធំផ្ទុកលើសទំងន់ជាច្រើនគ្រឿងដើម្បីត្រួតពិនិត្យ ក្នុងនោះមានរថយន្តជាច្រើនគ្រឿង ត្រូវបានមន្ត្រីជំនាញអះអាងថា ដឹកលើសទំងន់កំណត់។

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យលោក អ៊ុយ ហឿន បានឱ្យដឹងថាក្រោយពី​មន្ត្រីជំនាញ បានរកឃើញរថយន្តផ្ទុកលើសចំណុះ ក៏បានធ្វើការផាកពិន័យ ទៅតាមច្បាប់ និងតម្រូវឱ្យម្ចាស់រថយន្តត្រូវផ្ទេរទំនិញចេញពីរថយន្តដែលផ្ទុកលើសចំណុះនោះចេញ ។ លោកថាក្រុមមន្ត្រីជំនាញនិងសហការណ៍ជាមួយអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ដើម្បីត្រួតពិនិត្យរាល់រថយន្តធន់ធំទាំងអស់ ដែលមានផ្ទុកទំនិញលើសចំណុះប្រយោជន៍  ដើម្បីរក្សាបានគុណភាពផ្លូវថ្នល់ប្រើប្រាស់នៅគង់វង្សយូរអង្វែង។

  ដោយឡែកលោក សាន់ ម៉េងហ៊ត់ មន្ត្រីបច្ចេកទេសថ្លឹងរថយន្តប្រចាំនៅស្ថានីយ៍គោលដៅខាងលើបានបញ្ជាក់ថាបច្ចុប្បន្ននៅមានម្ចាស់យានយន្តមួយចំនួនតូចដែលពួកគាត់នៅមិនទាន់ចូលរួមគោរពច្បាប់ទៅតាមការកំណត់ នៃប្រភេទយានយន្តនីមួយៗ ។ លោកថា គ្រប់រថយន្តទាំងអស់ គឺខាងក្រសួងបានអនុញ្ញាត្តិឱ្យផ្ទុកលើសចំណុះចំនួន៥តោន តែបើលើសពីនេះគឺមន្ត្រីជំនាញនិងធ្វើការផាកពិន័យ។

តាមរបាយកាណ៍ត្រួតពិនិត្យប្រចាំខែធ្នូ ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តមានជ័យក្រចេះ បានត្រួតពិនិត្យរថយន្តធន់ធំដឹកទំនិញគ្រប់ប្រភេទសរុបចំនួន ៧១៤គ្រឿងក្នុងនោះរកឃើញយានយន្តផ្ទុកលើសទម្ងន់ចំនួន៣៩៦គ្រឿងនិងយានយន្តមិនមាន​ឯកសារគ្រប់គ្រាន់ចំនួន៥គ្រឿងព្រមទាំងបានធ្វើការផាកពិន័យរថយន្តផ្ទុកលើសទម្ងន់និងអប់រំណែនាំដល់ម្ចាស់យានយន្តឲ្យចូលរួមគោរពច្បាប់តាមការកំណត់៕ដោយ តូច រដ្ឋា