អភិបាល​ខេត្ត​កំពង់ចាម​ ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ច្រាំង​ទន្លេ​ នៅ​ភូមិ​កំណើត​សម្តេច​នាយករដ្ឋមន្ត្រី​ និង​នាំយក​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ​ ៣គ្រួសារ​ នៅ​ស្រុក​ស្ទឹងត្រង់​​

0

កំពង់ចាម​៖ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បាននាំយកអំណោយ​ សម្ដេចគតិព្រឹទ្ធិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​​ ទៅចែកជូនប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយការបាក់ច្រាំងទន្លេ ចំនួន៣គ្រួសារ​ ដែលរស់នៅក្នុងភូមិព្រែកស្តី​ ឃុំព្រះអណ្តូង​ និង​បន្ត​ដំណើរ​​​ចុះ​ពិនិត្យ​ស្ថានភាព​​បាក់​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​កំណើត​របស់​​ សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ភូមិ​ពាមក្រៅ​ ឃុំ​ពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដែល​កំពុង​ទទួល​រងការ​គំរាមកំហែង​ដោយ​គ្រោះ​ធម្មជាតិ​ ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​នោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​​ បាន​ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​ សាកសួរ​សុខទុក្ខ​ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចកិតិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ផងដែរ​។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ បានលើកឡើងថា​ ចំពោះ​មូលហេតុ​នៃការ​បាក់​ច្រាំង​ទន្លេ​នេះ​ គឺ​បណ្ដាល​មកពី​កត្តា​ធម្មជាតិ​​ ជាក់ស្ដែង​ដូចដែល​បងប្អូន​ដឹង​ស្រាប់​ហើយ​ គឺ​នៅ​តំបន់​នេះ បេី​ទោះជា​គ្មាន​ការ​បូម​ខ្សាច់ទេ​ ក៏នៅ​តែ​មាន​ការ​បាក់​ច្រាំង​ជាបន្តបន្ទាប់​ដែរ ព្រោះ​វា​អាស្រ័យ​លើ​ចរន្ត​ទឹក​ បេី​ទឹក​ហូរ​ខ្លាំង​​បុក​​ប៉ះ​ចំ​ត្រេីយ​ខាង​ណា​មួយ​ តំបន់​នោះ​នឹង​ត្រូវរងការ​បាក់​ស្រុត​ជា​មិនខាន​ ទោះបេី​ដី​ផ្ទះ​កំណើត​សម្តេច​នាយករដ្ឋមន្ត្រី​ យេីង​បច្ចុប្បន្ន​នេះ​ រង​ការ​បាក់​ស្រុត​ជិត​ដល់​ផ្ទះ​ហើយ​ដែរ​។
ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​ជំរុញ​ដាក់​ផែនការ​ឲ្យ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ត្រូវ​ប្រមូល​ទិន្នន័យ​​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ ដេីម្បី​ឈាន​ទៅ​ដល់​បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ព្រោះ​ក្នុង​១ឆ្នាំ​ៗ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ត្រូវ​ប្រឈម​ និង​រងគ្រោះ​ដោយ​ការ​បាក់​ច្រាំង​ ជាបន្តបន្ទាប់​។

សូមបញ្ជាក់ផងដែថា​ អំណោយ​ដែល​ត្រូវ​ចែក​ជួន​ប្រជាពលរដ្ឋ​ ទាំង៣គ្រូសារ​នេះ​គឺ​ ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម​ ត្រីខកំប៉ុង២យួ​រ​ មីចំនួន២កេសតូច​ ទឹកត្រី២យួរ​ ទឹកស៊ីអ៊ីវ ២យួរ​ និងថវិកា២០ម៉ឺនរៀល​ ផង​ដែរ​ ៕