អភិបាល​ខេត្ត​កំពង់ចាម​ ជំរុញ​ដល់​មន្ត្រី​អប់រំ​ ខិតខំ​កសាង​សាលា​ និង​ប្រមូល​សិស្ស​ ឲ្យ​ចូលរៀន​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​​អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​សន្និបាត​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​ ឆ្នាំ​២០១៨-២០១៩​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នារសៀល​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​សាល​សន្និសីទ​សាលា​ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជេីញចូលរួមពី​ឯកឧត្តម​ អភិបាល​រង​ខេត្ត​ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ព្រមទាំង​លោក​គ្រូ​ អ្នក​គ្រូ​ប្រមាណ​ជាង​៦០០​នាក់​ ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា កន្លង​មក​លោក​គ្រូ​ អ្នក​គ្រូ​ទាំងអស់បានយកកម្លាំងកាយចិត្តគំនិតបញ្ញាស្មារតី ឆន្ទៈ មនសិការ បង្រៀន​បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​ទទួលចំណេះដឹង ចំណេះធ្វើ សីលធម៌​ និងចេះរស់នៅបានល្អ​ និងអប់រំសិស្ស​ឲ្យ​ក្លាយទៅជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ​ ដែលជាធនធានមនុស្ស ដ៏សំខាន់របស់ជាតិ ក្នុងការបន្តវេន កសាងជាតិ​ឲ្យ​រីកចម្រើន​ដើរទាន់សម័យ​កាលទំនើប នៃបចេ្ចកវិទ្យាថ្មីរបស់ពិភពលោក។​ ដូច្នេះ​លោក​គ្រូ​ អ្នក​គ្រូ​ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ មិនថា​នៅ​តំបន់​ទីប្រជុំជន​ ឬ​តំបន់​ដាច់ស្រយាលនោះ​ទេ​ គឺត្រូវ​បន្ត​ខិតខំ​កសាង​សាលារៀន​ ឲ្យ​មាន​គុណភាព​ខ្ពស់​ និង​ស្វែងរក​កុមារ​ឲ្យ​ចូលរៀន​ផងដែរ​។​
ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​ជំរុញ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ អំពី​គ្រោះរាំងស្ងួត​ដែល​នឹង​កេីត​មាន​ឡើង​នា​រដូវ​ប្រាំង​ឆ្នាំ​២០១៩នេះ​ គឺសូម​ឲ្យ​ប្រជាពលរដ្ឋ​​ គួរ​កុំ​បន្ត​ធ្វើ​ការ​សាបព្រួស​ស្រូវ​ប្រាំ​ជា​លើក​ទី​២​ ព្រោះ​មិន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​នោះទេ​ ហើយ​ថែមទាំង​អាច​ខ្វះខាត​ទឹក​ ​ដែល​នឹង​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​ និង​សត្វ​ព្រៃ​ទៀត​ផង​។ ជាពិសេស​ត្រូវ​ជំរុញ​ដល់​សេវា​ក​ ត្រូវ​ខិតខំ​ត​បណ្ដាញ​ទឹក​ ​ទៅ​ដល់​តំបន់​ដែល​មិន​ទាន់​មាន​ទឹក​ ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​ ៕​