អភិបាលខេត្ត​កំពង់ចាម​ ចូលរួម​បេីក​ការដ្ឋាន​សាងសង់​ព្រះវិហារ​ថ្មី​ របស់​បងប្អូន​ខ្មែរ​ឥស្លាម​ នៅ​ស្រុក​ព្រៃឈរ​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ នាល្ងាច​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋានសាងសង់​ព្រះវិហារឥស្លាម​ ដែលស្ថិតនៅ​ក្នុង​ភូមិព្រៃខ្ជាយ​ ឃុំបារាយណ៍​ ស្រុកព្រៃឈរ​ខេត្តកំពង់ចាម​ ព្រមទាំង​បាន​ពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរឥស្លាម​ ផងដែរ​។​

លោក​ កេី​ ណិ​ម៉ាត់​ ​គណៈ​ដឹក​នាំ​(ហាកឹម)​ បានឲ្យដឹងថា ក្នុងឆ្នាំ១៩៨២ វិហារនេះចាប់ផ្ដើម សាងសង់ឡើងអំពីឈើ ដំបូលប្រក់ក្បឿង លុះមកដល់ឆ្នាំ ១៩៨៧ បានធ្វើជាបេតុងវិញ ហើយដោយសារការសាងសង់ ពេលនោះខ្វះបច្ចេកទេស គ្មានគុណភាពធ្វើ​ឲ្យ​ឆាប់ទ្រុឌទ្រោម និងមានជ្រាបទឹកស្ទើរគ្រប់ទីកន្លែង ពេលមានភ្លៀងធ្លាក់​ម្តង​ៗ បន្ទាប់មក ទើបមានការឯកភាពគ្នា សម្រេច រុះរើចេញ និងស្វែងរកជំនួយ ដើម្បីសាងសង់វិហារនេះឡើងវិញ រហូត មកដល់​ពេល​នេះ​ មានសប្បុរសជន នៃអង្គការមូលនិធិមូស្លីមកម្ពុជា បានជួយជ្រោមជ្រែង ដើម្បីសាងសង់ព្រះវិហារនេះឡើងវិញ ។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ប្រទេសកម្ពុជាយើង បាន​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ជាពិសេសនៅ​ជំនាន់​ ប៉ុល​ ​ពត ៣ឆ្នាំ​៨ខែ២០ថ្ងៃ​ ដែល​មាន​តែ​ការ​កាប់​សម្លាប់​​ គឺ​គ្មាន​សេរីភាពក្នុងការរស់នៅ គោរព​ជំនឿ​សាសនា​ ហេីយ​ព្រះវិហារ​ព្រះពុទ្ធសាសនា​ និង​ព្រះវិហារ​ឥស្លាម​ ក៏ដូចជា​ព្រះវិហារ​សាសនា​ដទៃ​ទៀត​ ត្រូវបានបំផ្លិចបំផ្លាញ​ចោល​គ្មាន​សេសសល់​ ដោយ​គុណបុណ្យ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងមាន​ជីវិត​រស់រាន​ឡើង​វិញ​ ជាមួយ​នឹងសិទ្ធិ​សេរីភាព​ និង​ជំនឿ​សាសនា​ ក្រោម​ការ​ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាបន្តបន្ទាប់​ រហូត​ដល់​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ។
ជាមួយ​គ្នា​នេះ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏​បាន​ចូល​រួម​ត្រេកអរ​សាទរ​ ជាមួយ​ការ​សាងសង់​ព្រះវិហារ​ថ្មី​នេះ​ ដេីម្បី​តំរូវការ​តាម​ ជំនឿ​បងប្អូនសាសនាអ៊ីស្លាម សម្រាប់​គោរព​បូជា​ ថ្វាយបង្គំ ផងដែរ ៕