ប្រជុំ​ពង្រឹង​តួរនាទីភារកិច្ចរបស់កងកម្លាំងដើម្បីបំពេញភារកិច្ចសហការបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ

0

កំពង់ធំ៖  នៅបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ប្រជុំ​ពង្រឹង​តួរនាទីភារកិច្ចរបស់កងកម្លាំងដើម្បីបំពេញភារកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ​ តាម​ការ​ស្នើសុំ​ពីស្ថាប័ន​ជំនាញ​ និង​មាន​ការ​ឯកភាព​ពី​គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត​កំពង់ធំ​ ដើម្បីបង្រ្កាបបទល្មើសដែលកំពុងតែធ្វើសកម្មភាព នៅក្នុងខេត្តកំពង់ធំ ដែលពិធីប្រជុំនេះ បានធ្វើឡើងនៅ ​វេលា​ម៉ោង​៨,៣០​ នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៩។

ក្នុងកិច្ចប្រជុំនេះ ដោយបានអនុវត្តន៍នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយផុតលេខផ្កាយមាស៥ហ៊ុន​សែន​ ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បទ​បញ្ជា​របស់​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​  ​  នៅ​សាលប្រជុំ​ មានសមាសភាព​ចូលរួម​​ចំនួន​ ៤៦​នាក់​ ដែល​ជាកងកម្លាំង​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក្នុង​ការ​ចូល​រួម​ជា​មួយ​កងកម្លាំង​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ ស្រុក​ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​  ។

ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ដាស់​តឿន​កងកម្លាំង នៅក្នុងអង្គប្រជុំថា កងកម្លាំងត្រូវ​បំពេញ​តួនាទី​ក្នុង​កិច្ចការ​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ស្ដី​ពី​ព្រៃឈើ-​មិន​ត្រូវ​ពាក់​ព័ន្ធ​ឃុបឃិត​ ជាមួយ​អ្នប្រព្រឹត្តិ​បទ​ល្មើស​ព្រៃឈើ​ជាដាច់ខាត​  រួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ប្រជាពលរដ្ឋ​  ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ជំនាញ​  ចំពោះ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃឈើ​ ដើម្បីចូលរួម​ក្នុង​កិច្ចការ​ពារ​ធនធាន​ធម្មជាតិ​  ។

ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន បានបញ្ជាក់ថា បើ​មាន​យោធិន​ណា​ម្នាក់​ប្រព្រឹត្តិ​បទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ និង​វិន័យ​របស់​កងយោធពលខេមរភូមិន្ទ​ ដោយ​គ្មាន​ការ​យោគយល់​ឡើយ​  និងត្រូវ​ខឹតខំ​ថែរក្សា​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កងយោធពលខេមរភូមិន្ទ​ ។ដោយ  ប៊ុន  រដ្ឋា