សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩​របស់​មន្ទីរ​រៀប ចំ​ដែន​ដីខេត្ត​ក្រចេះ​

0

 ក្រចេះ​:​ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី​ខេត្តក្រចេះ​ បានរៀបចំ  សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩​​​ក្រោមអធិបតីភាពឯកឧត្តម ប៉ែន​ លីណាត​ អភិបាលរងខេត្តនិងឯកឧត្តម អ៊ឹម​ ចំរ៉ុង​ អនុរដ្ឋលេខាធិការ​​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ជា​ សុផារ៉ា​ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលមានពីមន្ទីរអង្គភាពក្រុងស្រុកឃុំ​សង្កាត់​គរុសិស្ស​និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីប្រហែល​ជា​២៥០នាក់​។

តាមរបាយការណ៍ ​លោក​បណ្ឌិត​ កៅ​ ម៉ាឌីឡែន​ ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​និង​សំណង់​ បានអោយដឹងថា​ការងារ​មន្ទីរ​​សម្រេចបាន​​នូវសមិទ្ធផល រួមានការងាររៀបចំដែនដី និងនគរូបនីយកម្ម ការងារគ្រប់គ្រងសំណង់ ការងារសុរិយោដី ក្នុងគោលបំណងគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិហើយស្របតាមគោលការណ៍ច្បាប់កន្លងមកបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លីដោយផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រង ការលុបបំបាត់ភាពអនាធិបតេយ្យក្នុងការកាន់កាប់ដីរបស់រដ្ឋ។

ឯកឧត្តម ប៉ែន​ លីណាត​ អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តដែលបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់មន្ទីរ ហើយក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំងថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួង ដែលតែងតែយកចិត្តទុកដាក់និងជួយជម្រុញការដោះស្រាយទំនាស់និងការបញ្ជូនគ្រូឧទ្ទេសដើម្បីបណ្តុះបណ្តាលដល់មន្ត្រីរបស់យើង​ដើម្បីបង្កើនសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។​

​ ឯកឧត្ដម​អ៊ឹម​ ចំរ៉ុង​​ អនុរដ្ឋលេខាធិការ​​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀប​ដែន​ដី​នគរូបនីយកម្ម​និង​សំណង់​ បាន​ជម្រុញអោយមានការយកចិត្តទុកដាក់បន្តរសម្រាប់​ការងារ​ឆ្នាំ​២០១៩​ សុំពន្លឿនការងារចុះបញ្ជីដីធ្លីចុះបញ្ជីដីរដ្ឋដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ដោយធ្វើការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំស្រុកនៃតំបន់វិនិច្ឆ័យ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋព្រមទាំងខិតខំដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ។

ក្នុងនោះឯកឧត្ដមស្នើអោយអាជ្ញាធរខេត្ត សុំឲ្យបន្តតាមដានត្រួតពិនិត្យនិងធ្វើស្ថិតិប្រជាពលរដ្ឋដែលបានមករស់នៅ ធ្វើកាន់កាប់ដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងស្រុក ព្រមទាំងបន្តការសិក្សាស្រាវជ្រាវប្រជាពលរដ្ឋដែលខ្វះដី គ្មានដីនិងមានតម្រូវការដីពិតប្រាកដដើម្បីសាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ ។ និងសូមឲ្យមន្ទីរបន្តខិតខំយកចិត្តទុកដាក់លើការងារត្រួតពិនិត្យសំណង់ និងលក្ខណៈបច្ចេកទេសសំណង់ព្រមទាំងសោភណ្ឌភាព សណ្តាប់ធ្នាប់នៃសំណង់និងបន្តត្រួតពិនិត្យសំណង់ខុសច្បាប់ដោយផ្សារភ្ជាប់ជាមួយការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ដោយប៊ុន មនោ