សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់របស់ឈ្មួញដុះស្លែឈ្មោះ ភឹង លាងស្រេងពុំត្រូវបានសមត្ថកិច្ចបង្រ្កាបសង្ស័យមានការឃុបឃិតគ្នាពីសំណាក់មន្រ្តីជំនាញ

0

ព្រះវិហារ ៖ សកម្មភាពដឹកជញ្ជូនឈើរបស់ ឈ្មួញដុះស្លែរ ដែលត្រូវបានគេដឹងថា ជារបស់ឈ្មួញឈ្មោះ ភឹង លាងស្រេង ពុំត្រូវបានសមត្ថកិច្ចមេព្រៃចាត់វិធានការបង្រ្កាប  ថែមទាំងបណ្តែតបណ្តោយឲ្យមានការដឹក ជញ្ជូនឈើដោយខុសច្បាប់ ដែលជាការអនុវត្តផ្ទុយពីអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យគណបញ្ជាការឯកភាណរដ្ឋបាលខេត្ត ស្រុក ក្រុង រួមគ្នាទប់ស្កាត់បង្រ្កាបការពារធនធានធម្មជាតព្រៃឈើ។

ជាក់ស្តែងនៅវេលាម៉ោង ១២ នឹង ៣០ នាទី យប់ថ្ងៃទី ២៩ ខែ មករា  ឆ្នាំ ២០១៩ ត្រូវបានប្រទះឃើញរថយន្ត មួយគ្រឿង ម៉ាកHYun DAi ពណ៌ ស អត់ស្លាកលេខ ចំណុះ ៥តោន ដែលគេស្គាល់ម្ចាស់ឈ្មោះ ភឹង លាងស្រេង ដែលមានហាសនាមថា ជាឈ្មួញឈើដុះស្លែរ ប្រចាំស្រុកគូលេន ខេត្តព្រះវិហារ បានដឹកឈើតាប់ ជាង៤០ម៉ែត្រគូប ដែលមានមេការ ឈ្មោះ ពៅ ហៅពៅប្រជ្រុយ បានដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើគូលេន ដឹកតាមបណ្តោយ ផ្លូវស្វាយលើ កាត់តាមក្រោមឃ្លៀកសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ឆ្ពោះទៅចែកចាយតាមដេប៉ូឈើ នៅខេត្តសៀមរាប ដោយរលូន ដោយពុំមានករណីបង្រ្កាប ដែលមហាជនសង្ស័យថា សង្កាត់រដ្ឋបាល ព្រៃឈើគូលេន នឹងសង្កាត់រដ្ឋបាលព្រៃឈើស្វាលើ គ្រប់ទឹកដោយសារកាក់កប នឹងឈ្មួញឈើចិញ្ចឹម ។ក្នុងនោះក៏មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនថា ហេតុអ្វីបានជាប្រជាពលរដ្ឋក្រីក្រ មានជីវភាព ក្រីក្រ ដឹកជញ្ជូនឈើបន្តិចបន្តួចសម្រាប់ធ្វើផ្ទះសំបែង បែរជាសមត្ថកិច្ចមេព្រៃ បរិស្ថាន កងរាជអាវុអហត្ថ ប៉ូលិស យកចិត្តទុកដាក់បង្រ្កាប រហូតឈានដល់ជាប់គុគជាប់ច្រវ៉ាក់ ចុះបើឈ្មួញឈើដឹកទាំងរថយន្តយីឌុប ហេតុអ្វីបានជាមិនបង្រ្កាបផង ឬក៏ប្រជាពលរដ្ឋគ្មានលុយសូកប៉ាន់ ក្នុងការចិញ្ចឹមអស់លោកសមត្ថកិច្ច ដែល តែងតែអង្គុយនៅតាមដងផ្លូវដូចសត្វកុកចាំចិកត្រី ។

ក្នុងនោះមហាជនបានសំណូមពរឲ្យ លោក អ៊ុន ចាន់ដា ចៅហ្វាយព្រះវិហារ និងជាប្រធានគណបញ្ជាការឯក ភាពរដ្ឋបាលខេត្តព្រះវិហារ មេត្តាចាត់វិធានការ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើគូលេនផង ដោយសារតែ រថយន្តក្នុងមួយយប់មិនតិចពី១០គ្រឿង ដែលបានធ្វើសកម្មភាពដឹកឈើខុសច្បាប់ ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃគូលេន តែហាក់បីដូចជាមន្រ្តីរដ្ឋបាលព្រៃឈើកើតជំងឺស្ពឹកដៃជើងងើបមិនរួច ដែលជាការសង្ស័យថា ត្រូវថ្នាំសណ្តំរបស់ឈ្មួញ ដុះស្លែរ ភឹង លាងស្រេងអស់ហើយឬ?  ទើបបានជារថយន្តដឹកឈើបានដោយរលូន ។
ដោយ យឹម វរៈ