អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលផ្លូវសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ

0

សៀមរាប៖ តាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកក្នុងការជួសជុល និងកែលម្អផ្លូវសំខាន់ៗមួយចំនួនក្នុងតំបន់អង្គរឱ្យមានភាពល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបម្រើផលប្រយោជន៍ទូទៅផ្សេងទៀតដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

ជាក់ស្តែង កំណាត់ផ្លូវកូម៉ៃចាប់ពីចំណុចផ្លូវកែងសួនគ្រឿងទេសរបស់អាជ្ញាធរជាតិអប្សរា ឆ្ពោះទៅប្រាសាទអង្គរ ត្រូវបានជួសជុល និងកែលម្អឡើងវិញហើយដោយអ៊ុតកៅស៊ូបេទីម ដែលមានគុណភាពខ្ពស់ និងប្រើប្រាស់ជាប់បានយូរ។ រហូតមកដល់ថ្ងៃ២៩ ខែមករា ឆ្នាំ២០១៩ ការដ្ឋានជួសជុលបានសម្រេចបាន១០០ភាគរយហើយលើប្រវែង ១២០០ម៉ែត្រ។

រីឯកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ពីចំណុចស្វាយធំឆ្ពោះទៅភូមិព្រះដាក់ ដែលរងការខូចខាតខ្លាំងនិងបានជួសជុលផ្នែកខ្លះ ក៏កំពុងទទួលបានការជួសជុលនិងកែលម្អបន្ថែមទៀតរហូតដល់ត្រង់ចំណុចរង្វង់មូលដំរីស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ហើយការជួសជុលនេះនឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ដោយឡែក កាលពីចុងឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់ផ្លូវសម្តេចវិបុលបញ្ញាសុខ អាន ដោយបានពង្រីកទទឹងផ្លូវរហូតដល់១០ម៉ែត្រ ចាប់ពីចំណុចស្ពាននាគរហូតដល់រង្វង់មូលអប្សរា។

នេះជាសមិទ្ធិផលថ្មីបន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងរំលេចឡើងដើម្បីបម្រើផលប្រយោជន៍សាធារណជន ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរ៕