ប្រកាស​តែងតាំង​ លោកស្រី​ ប៉ាង​ ដានី​ ចូល​កាន់​មុខ​តំណែង​ជា​ អភិបាល​រង​ខេត្ត​កំពង់ចាម

0

កំពង់ចាម​:​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ថ្មីមួយ​រូប​ទៀត​​ ត្រូវ​បាន​​ប្រកាស​ចូល​កាន់​មុខ​តំណែង​ នាព្រឹក​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតី​ភាព​ឯកឧត្តម​ លេង​ វី​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ខ្លូត​ ផន​ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ដោយ​ពិធី​នេះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អភិបាល​ អភិបាល​រង​ក្រុង​-ស្រុក​ ថ្នាក់ដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​១០​ក្រុង​-ស្រុក​ផង​ដែរ​។

ដោយ​​លោកស្រី​ ប៉ាង​ ដានី​ មក​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ត្រូវ​ទទួល​តំណែង​ជា​អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ជំនួយ​លោកជំទាវ​ ស្រី​ គីមឆយ​ ដែល​ត្រូវ​ជ្រេីសតាំង​​ជា​តំណាង​រាស្ត្រ​។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ជំរុញ​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ ត្រូវ​ជួយ​ធ្វើ​ការ​​ផ្សព្វផ្សាយ​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ ​កុំ​បន្ត​ធ្វើ​ការ​សាបព្រោះ​ស្រូវ​ប្រាំ​ជា​លើក​ទី​២​ ព្រោះ​គ្រោះរាំងស្ងួត​នឹង​កេីត​មាន​ឡើង​ក្នុងខែមេសានិងឧសភា​ ​ខាងមុខ​នេះ​​ ដែល​នឹង​​មិន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ដំណាំ​កសិផល​​នោះទេ​ ហើយ​ថែមទាំង​អាច​ខ្វះខាត​ទឹក​ ​ហេីយ​​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​ និង​សត្វ​ព្រៃ​ទៀត​ផង​។
ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាល​ ក៏បាន​រំលឹក​ថា​ យើង​​ធ្លាប់​ប្រទះ​គ្រោះរាំងស្ងួត​ម្តង​រួច​មក​ហើយ​ កាលពី​ឆ្នាំ​២០១៦កន្លងទៅ​ ដោយ​មាន​ការ​គាំទ្រ​ពី​​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ បាន​ជីក​អណ្តូង​ទឹក​​ជាច្រើន​កន្លែង​​ ដូច្នេះ​សូម​ឲ្យ​មន្ត្រី​យេីង​ចុះ​ទៅ​ពិនិត្យ​មើល​ តើ​វា​មាន​ការ​ខូចខាត​អស់​ប៉ុន្មាន​​ ហេីយ​នៅ​សេសសល់​ប៉ុន្មាន​អណ្តូង​​ ត្រូវ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្បាស់​លាស់​ ដើម្បី​ធ្វើ​ការ​ស្តា​ឡើង​វិញ​​ ទុកជូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​។ ជាពិសេស​ទៀត​នោះ​ គឺ​ត្រូវ​ជំរុញ​ដល់​សេវា​ក​ ត្រូវ​ខិតខំ​ត​បណ្ដាញ​ទឹក​ ​ទៅ​ដល់​តំបន់នានា​ដែល​មិន​ទាន់​មាន​ទឹក​ ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​។

ឯកឧត្តម​ លេង​ វី​ រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ផ្តាំផ្ញេីរ​​ ដល់លោកជំទាវអភិបាលរង​ខេត្ត​ ដែល​ទេីប​តែ​ទទួល​តំណែង​ថ្មី​ ត្រូវយកចិត្តទុកដាក់​ ក្នុង​ការ​បំពេញ​ភារកិច្ច​ បម្រេីប្រជាពលរដ្ឋ​ ឲ្យបានល្អប្រសេីរ​ ផងដែរ​ ៕