( មាន VIDEO ) ខ្នង​ផ្ទះ​ទី​១១១​ អំណោយ​​សម្ដេច​តេជោ​ហ៊ុន​ សែន​ ​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​នៅស្រុក​សណ្តាន់

0

ខេត្តកំពង់ធំ​៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាង​ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ​ សមាគមអតីតយុទ្ធជនកម្ពុជាអមដំណើរដោយ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់បាន​អញ្ជើញទៅ​ប្រគល់​ផ្ទះ​ខ្នង​ទី​១១១ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ឈ្មោះ​ ឆ្លាំង ប៉ោង នៅក្នុងស្រុកសណ្តាន់។

ពិធីប្រគល់​ផ្ទះ​ខ្នងលើក​ទី​១១១ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ភូមិ-ឃុំ  និង​ប្រជាពលរដ្ឋ បាននាំយកផ្ទះមួយខ្នង ដែលជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងជាប្រធាន​សមាគម​អតីត​យុទ្ធ​ជនកម្ពុជា។​អតីត​យុទ្ធ​ជនលោក ឆ្លាំង ប៉ោង​ អាយុ​៦០​ ឆ្នំា​ ឋានន្តរសក្ដិ​ថ្នាក់ អនុសេនីយ៍ត្រី  ធ្លាប់ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ នៅ​ឆ្នាំ​១៩៩៧​ (អតីត​អង្គភាព​កងពល៦១៦​ ខ្មែរ​ក្រហម​ ធ្វើ​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៨​ )​នៅ​ក្នុង​អង្គភាព​វរសេនាតូចលេខ​៧​ នៃអង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  ហើយ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅឆ្នាំ​២០១៨​ មាន​ភរិយា​ឈ្មោះ​ សេង ហ៊ី  អាយុ​២៧​ ឆ្នាំ​ មាន​កូន​ចំនួន​ ០២ នាក់​ នៅ​ក្នុង​បន្ទុក​  រស់នៅក្នុង​ផ្ទះ​តូចចង្អៀត​ដំបូល​ធ្លុះធ្លាយ​ជាមួយ​ម្ដាយ​ ដែល​មាន​ចំនួន​ ០៣ គ្រួសារ​ និង​មាន​សមាជិក​រស់​នៅ​ជាមួយ​គ្នា​ចំនួន​ ១២​ នាក់​  នៅ​ភូមិ​វាល​ព្រីង​ក្រោម​ ឃុំ​ឈើ​ទាល​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​  ។ឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ផ្ទះថ្មី ដែលបានប្រគល់ជូនមានទំហំ ៤មx​៦ម សាងសង់​ពីឈើ​ ជញ្ជាំង​និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ សាងសង់​ខ្ពស់​ផុត​ពី​ដី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​៦,៩៥០,០០០រៀល​  នៅក្នុងឳកាសជា នេះដែរ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ បានឧបត្ថម្ភអំណោយ ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ តាម​រយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​ សមាគមអតីតយុទ្ធជនកម្ពុជា អង្ករ​​៥០​ គីឡូ​ក្រាម​ ,  មីយើង​ ០២ កេស​ , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ , មុង​ជ្រលក់​ថ្នាំ​ចំនួន​ ០១ និង​ថវិកា​ចំនួន​ ៣០០,០០០​ រៀល​  ។ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ចាការរងយោធភូមិភាគទី៤ មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ថំ  បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារអតីតយុទ្ធជនសូមកុំឲ្យជឿលើការឃោសនាបំប៉ោង ញុះញង់ ព័ត៌មាន បំបែកបំបាក់ ដោយក្រុមជនអគតិមួយចំនួនតូច ដែលអាចនាំឲ្យប្រទេសជាតិ វិលត្រឡប់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត ដូច្នេះយើងត្រូវរួមគ្នារក្សា សន្តិភាពដើម្បីភាព រីកចម្រើនរបស់ប្រទេសជាតិ ដែលបច្ចុប្បន្នមាន សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក ឆ្លាំង ប៉ោង មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលផ្ទះថ្មី សូមប្តេជ្ញាគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសុខសន្តិភាព ជារៀងរហូត  ។ ដោយ  ប៊ុន  រដ្ឋា