​ឯកឧត្តម ម៉ៅ ធនិន ចុះសួរសុខទុក្ខ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ស្រុក​ក្រគរ​

0

ពោធិសាត់៖ ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គ​ណះ​អភិបាល ខេត្តពោធិ៍សាត់ រួម​ដំណើរ​ដោយ​សមាជិក ក្រុម ប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ និង​ថ្នាក់ដឹកនាំ មន្ទីរ នានា​ក្នុង​ខេត្ត បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​កម្មករ កម្មការិនី រោងចក្រ​

កាត់ដេរ ថៃ​អ៊ី​ស៊ី អិន​ធឺ​ណាស់ សិន ណ​ល ខូ​អិ​ល​ធី​ឌី ដែលមាន​ទីតាំងនៅ​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ។​ ​ ​

លោក​តំណាង​ក្រុមហ៊ុន បាន​ជំរាបជូន​ថា ក្រុមហ៊ុន​ថៃ​អ៊ី​ស៊ី អិន​ធឺ​ណាស់​សិ​នណល ខូ​អិ​ល​ធី​ឌី​នេះ ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ប្រទេស​ចិន ទើបតែ​ដំណើរការបាន​ប្រហែល​ជាង​មួយ​ឆ្នាំនេះ​ទេ ,​មាន​ផ្ទៃដី​សរុប​១៣០​ហិកតា កំពុងដំណើរការ​កាត់​សម្លៀកបំពាក់​គ្រប់​ម៉ូត ទាំង​បុរស​នារី​និង​កូនក្មេង ហើយ​កំពុងតែ​សាងសង់​អគារ​បន្ថែម ។ មកដល់ពេលនេះ មាន​កម្មករ​បំរើ​ការងារ​ក្នុង​រោងចក្រ ៧០០០​នាក់ ក្នុងនោះ​ស្រី​៦០០០​នាក់ និង​កំពុងតែ​ជ្រើសរើស​បន្តទៀត ដើម្បី​គម្រប់​តម្រូវការ​២៥.០០០​នាក់ ។

កម្មករ​កម្មការិនី​ម្នាក់ៗ ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​១០០​ដុល្លា និង​មាន​ប្រាក់​ម៉ោង​បន្ថែម​តាម​ជំនាញ​ជិត​១០០​ដុល្លា​ទៀត ទៅតាម​បុគ្គល​ដែល​ព្យាយាម​តស៊ូ ។ សព្វថ្ងៃនេះ​រោងចក្រ​ខ្វះ​កម្មករ កម្មការិនី​ធ្វើការ​ច្រើន ហើយ​កំពុងតែ​ជ្រើសរើស​បន្ថែម​រាល់ថ្ងៃ ដែល​គ្រាន់តែ​ដាក់ពាក្យ​ចូល​មិនទាន់បាន​ធ្វើការ​ផង ក៍​ក្រុមហ៊ុន​គិត​ឲ្យ​ម្នាក់​មួយ​ដុល្លា​ដែរ​ក្នុង​មួយថ្ងៃ ។ ក្រុមហ៊ុន​អនុវត្តន៍​ទៅតាម​ច្បាប់​ការងារ មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ កម្មការិនី​នោះទេ ។​ ​ ​

ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត បាន​សំដែង​ការរីករាយ ដែល​ខេត្តពោធិ៍សាត់ មាន​រោងចក្រ​កាត់ដេរ​ដ៍​ធំ​មួយ ស្រូបយក​កម្មករ កម្មការិនី​ដែលជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ជនបទ ដែល​ខ្លះ​មិនបាន​រៀនសូត្រ​ជ្រៅជ្រះ និង​ខ្លះ​គ្មាន​ការងារ​ធ្វើ បានមក​ធ្វើការ​នៅទីនេះ ទទួលបាន​ប្រាក់​កំ​រ៉ៃ​ចិញ្ចឹមជីវិត សំរាប់​អនាគត​របស់​ពួកគេ ។ ទាំងនេះ​ក៍ដោយ​សារ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បរទេស បើកទ្វា​ឲ្យ​គេ​ចូលមក​ធ្វើការ វិនិយោគ​ក្នុងប្រទេស​កម្ពុជា​យើង ។

ឯកឧត្តម​សូម​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ ជ្រើសរើស​កម្មករ​បុរស នារី​ឲ្យ​ស្មើគ្នា​កុំ​ឲ្យ​យកតែ​នារីៗ ព្រោះ​បុរស​ក៍​គ្មាន​ការងារ​ធ្វើ​ច្រើន​ដែរ ។ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់ ខិតខំ​ធ្វើការ គោរព​វិន័យ​ការងារ ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ខ្មែរ និង​បាន​អំពាវនាវ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ផ្សេងទៀត នាំគ្នា​មក​ដាក់ពាក្យ​ចូល​បំរើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ នៅ​ស្រុក​ក្រគរ​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​ក្រុមហ៊ុន​តម្រូវការ​ដល់​ទៅ​២៥.០០០​នាក់​ឯណោះ ឥឡូវ​ទើបតែ​បាន​៧០០០​នាក់​ទេ ។ ទោះបី​ប្រាក់ខែ​តិចជាង​ក្រៅប្រទេស ប៉ុន្តែ​នៅ​ជិត​ផ្ទះ​ជួបជុំ​ឪពុកម្ដាយ​បងប្អូន ចៀសវាង​ទៅធ្វើ​ពលករ​នៅ​ប្រទេស​គេ ត្រូវគេ​មើលងាយមើលថោក និង វាយ​ធ្វើបាប​ដូច​សត្វ​ធាតុ ហើយ​មិន​ប្រាកដថា ពេល​ត្រឡប់មកវិញ សល់​លុយ​ច្រើនជាង​អ្នក​នៅក្នុង​ស្រុក​នោះដែរ ៕1 3 4