មន្ត្រីជំរឿនជាច្រើនក្រុមនៅខេត្តមណ្ឌលគិរី បានចុះស្រង់យកព័ត៌មានអំពីប្រជាពលរដ្ឋ

0

មណ្ឌលគិរី៖ មន្ត្រីជំរឿនជាច្រើនក្រុមនៅខេត្តមណ្ឌលគិរី បានចុះស្រង់យកព័ត៌មានអំពីប្រជាពលរដ្ឋតាំងពីវេលារំលង អាធ្រាតឈានចូលថ្ងៃទី០៣ មីនា ២០១៩នេះ ដោយក្រុមមន្ត្រីបានចុះប្រមូលទិន្នន័យរបស់ពលរដ្ឋតាមមន្ទីរពេទ្យ ផ្ទះសំណាក សណ្ឋាគារ និងតាមទីសាធារណៈផ្សេង ហើយរហូតមកព្រឹកថ្ងៃដដែលមន្ត្រីជំរឿនបានបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីសួរចំនួនសមាជិកគ្រួសារ និងលម្អិតអំពីជីវភាពរស់នៅរបស់ពួកគាត់ ។
ប្រធានមន្ទីរផែនការ និងជាមន្ត្រីជំរឿនខេត្តមណ្ឌលគិរី លោក ហ៊ុន វណ្ណរ៉ា បានឲ្យដឹងថា ការធ្វើជំរឿននេះ ប្រជាពលរដ្ឋពុំចាំបាច់មានឯកសារអ្វីភ្ជាប់ឲ្យមន្ត្រីជំរឿននោះទេ ដោយគ្រាន់តែសហការផ្ដល់សម្ភាសផ្ទាល់មាត់ជាមួយមន្ត្រីគឺគ្រប់គ្រាន់ហើយ ។ លោកបន្ថែមថា ការធ្វើជំរឿនបានផ្ដល់អត្ថប្រយោជន៍ល្អខ្លាំងណាស់សម្រាប់ប្រជាជន និងសង្គមជាតិ ព្រោះទិន្នន័យនិងព័ត៌មានដែលទទួលបានពីប្រជាជនតាមមូលដ្ឋានជាក់ស្ដែង រាជរដ្ឋាភិបាលនឹងយកទៅធ្វើគោលនយោបាយរៀបចំផែនការយុទ្ធសាស្រ្តឲ្យស្របទៅតាមកំណើនរបស់ប្រជាជន ព្រមទាំងតម្រូវតាមអ្វីដែលប្រជាជនត្រូវការចាំបាច់នោះ ។
លោក ហ៊ុន វណ្ណរ៉ា បន្តថា​ ផ្អែកតាមតួលេខជំរឿនលើកទី២ នៅឆ្នាំ២០០៨ សម្រាប់ខេត្តមណ្ឌលគិរី មានប្រជាជនជាង១ម៉ឺនគ្រសាររស់នៅ ស្មើនិងជាង៦ម៉ឺននាក់ ហើយផ្អែកតាមស្ថានភាពជាក់ស្ដែងបច្ចុប្បន្នប្រជាជននៅខេត្តមណ្ឌលគិរី ប្រហែលអាចមានកំណើនច្រើន និងស្ថិតក្នុងរង្វង់ជិត១០ម៉ឺននាក់ ។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី សូមផ្ដល់ការសហការជាមួយមន្ត្រីជំរឿន ដើម្បីឲ្យការធ្វើជំរឿនទទួលបានលទ្ធផលល្អប្រសើរ ។
សូមបញ្ជាក់ថា គ្រប់បណ្ដាក្រុង-ស្រុកទាំង៥ របស់ខេត្តមណ្ឌលគិរី មន្ត្រីជំរឿនបានចុះស្រង់ព័ត៌មានបឋម និងបិទសម្គាល់លេខរៀងផ្ទះប្រជាពលរដ្ឋរួចហើយ ប៉ុន្តែការធ្វើជំរឿនលក្ខណៈផ្លូវការលើកទី៣នេះ គឺធ្វើចាប់ពីថ្ងៃទី០៣ មីនា រហូតដល់ថ្ងៃទី១៣ មីនា ២០១៩ ៕