អភិបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ចូល​រួម​ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុក​ជេីងព្រៃ​ ​

0

កំពង់ចាម​:​ ឯកឧត្តម គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកជេីងព្រៃ​ ​ដែល​ពិធី​នេះ​ត្រូវ​​បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៩​ ​​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ ​លោក​ លោកស្រី​ អភិបាលរងខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត និង​មន្ត្រី​ការិយាល័យជុំវិញស្រុក មេឃុំ​ មេ​ភូមិ​ ជាច្រើនរូប​ផង​ដែរ។

ដោយ​លោក ជិន​ ហ៊ុ ត្រូវ​បាន​តែងតាំង​ជាអភិបាលរង​ នៃគណៈអភិបាលស្រុក​ជេីងព្រៃ​ ជំនួសលោក កិម​ នឿន ដែលត្រូវចូលនិវត្តន៍។ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម​ បានកោតសរសើរចំពោះសកម្មភាពការងារដឹកនាំ និងការអភិវឌ្ឍលេីគ្រប់វិស័យ​នាពេលកន្លងមក​ ក្នុងការដោះស្រាយការងារនៅអង្គភាព ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ​ ទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏​បានមានមតិផ្តាំផ្ញើដល់ អភិបាលរង ស្រុកជេីងព្រៃ​ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ឲ្យមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ ឯកឧត្តម បន្តទៀតថា ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយបញ្ហការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅ ផែនការច្បាស់លាស់ ព្រមទាំងត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធភាពទេពកោសល្យ លើកគុណភាពការងារ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនបំពេញតួនាទីផងដែរ​ ៕