រដ្ឋបាលខេត្តកំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

0

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាព ឯក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម អឹុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសបើកសន្និបាត ឯក ជាវ តាយ អភិបាលខេត្តកំពតបានឲ្យដឹងថា ដោយអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានបន្តដឹកនាំកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការលើកកម្ពស់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្ត្រីរាជការឲ្យប្រកាន់ខ្ជាប់នូវឥរិយាបទទាំងបួន គឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ព្រមទាំងពង្រឹងការយល់ដឹងអំពីគុណតម្លៃ និងគុណផល លុបបំបាត់ភាពអសកម្មតាមរយៈអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ព្រមទាំងជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការឲ្យមានភាពស្វាហាប់ និងមានទឹកចិត្តបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព និងតម្លាភាព។ ទន្ទឹមនេះ ក៏មានការគិតគូរអំពីផលប្រយោជន៍របស់មន្រ្តីរាជការប្រកបដោយសមធម៌ ដោយផ្អែកលើសកម្មភាពការងារ ជាពិសេស គឺការអនុវត្តស្របតាមនីតិវិធីនៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិនិងមុខតំណែង តួនាទីរបស់មន្ត្រីរាជការ ផ្តល់ការលើកទឹកចិត្ត តាមរយៈការជូនប័ណ្ណសរសើរ មេដាយ គ្រឿងឥស្សរិយយស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ព្រមទាំងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែបានទៀងទាត់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលដែនដី លោកបានយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទទួលបានការជឿទុកចិត្ត និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងមានការចូករួមយ៉ាងសកម្មពីសំណាក់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលធ្វើឲ្យការអនុវត្តគោលនយោបាយនេះទទួលបានលទ្ធផលល្អ ទាំងការប្រជុំផ្សព្វផ្សាយ ការធ្វើវេទិកាសាធារណៈ និងចលនាប្រជាការពារ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានមានការថយចុះ សំដៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងធានាដល់ការអភិវឌ្ឍខេត្ត៕